ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ទៅជីកទំពាំងជាន់ត្រង់មីនផ្ទុះដាច់ជើងម្ខាង

ចែករំលែក៖

ប៉ោយប៉ែត៖ ដោយសារតែជីវភាពទីទាល់ក្រ ចេញពីផ្ទះទៅរកជីកទំពាំង យកធ្វើម្ហូបប្រចាំថ្ងៃ ស្ត្រីម្នាក់ដើរជាន់មីន សល់ពីសម័យសង្គ្រាមផ្ទុះកក្រើកបណ្ដាលឲ្យដាច់ជើងខាងស្តាំ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរវត្តតាម៉ាំងឋិតក្នុងភូមិ តាម៉ាំង ឃុំគោករមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ ដុក ស្រីពៅ អាយុ ៣៣ ឆ្នាំ បានរងរបួសដាច់ជើងខាងស្តាំ រស់នៅភូមិ ឃុំ កើតហេតុ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថា មុនកើតហេតុ ស្រ្តីរងគ្រោះបានដើរចេញពីផ្ទះ ដើម្បីទៅរកជីកទំពាំងនៅខាងលិចអូរព្រំដែន ចម្ងាយប្រហែល២០ម៉ែត្រ លុះដល់ចំណុចកើតហេតុ ក៏ជាន់ម៉ីនស្គរដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ ដាច់ជើងខាងស្ដាំ បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។

ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបូរី ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖