ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុគ្គលិកផ្នែកចែកបៀរប្រមាណចំនួន៧៨ នាក់ ក្នុងនោះ មានស្រី៤៥នាក់ បាននាំគ្នាឈរនៅខាងមុខ កាស៊ីណូ ដើម្បីទាមទារលក្ខខ័ណ្ឌការងារចំនួន៣ ចំណុចដល់ថៅកែដើម្បីជួយដោះស្រាយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅកាស៊ីណូក្រោន ក្នុងភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មានបុគ្គលិកផ្នែកចែកបៀរចំនួន៧៨នាក់ ស្រី៤៥ នាក់ បានទាមទារលក្ខខ័ណ្ឌការងារចំនួន៣ ចំណុចមានចំណុចទី១ ថ្ងៃបុណ្យជាតិសុំសម្រាក ទី២ សុំដំឡើងប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ និងទី៣-សុំបន្ថយម៉ោងធ្វើការពី១០ម៉ោង មកត្រឹម៨ម៉ោង ។
ប្រភពបន្តថា បន្ទាប់ពីដោះស្រាយជាច្រើនម៉ោងរួច ខាងក្រុមហ៊ុនកាស៊ីណូបានយល់ព្រមតាមសំណើ របស់បុគ្គលិកនៅចំណុចទី២ សុំដំឡើងប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ ។
ចំណែកចំណុចទី១ ថ្ងៃបុណ្យជាតិសុំសម្រាក និងទី៣ សុំបន្ថយម៉ោងធ្វើការពី១០ម៉ោង មកត្រឹម៨ម៉ោង នៅមិនទាន់មានដំណោះស្រាយត្រូវរ៉ូវគ្នានៅឡើយ ប៉ុន្តែបុគ្គលិកបានយល់ព្រមចូលធ្វើការតាមធម្មតាសិន រង់ចាំនៅថ្ងៃស្អែក ដោះស្រាយបន្តទៀតដោយមិនមានផ្ទុះហិង្សាអ្វីនោះទេ ។
នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នគរវត្ត មិនអាចសុំការបំភ្លឺពីរដ្ឋបាលរបស់ក្រុមហ៊ុនកាស៊ីណូនៅលក្ខខណ្ធ២ចំណុចទៀត ដែលមិនទាន់ដោះស្រាយនៅឡើយ ព្រោះមិនមានលេខទូរសព្ទ័ទាក់ទង ៕ យឹម សុថាន