ភ្នំពេញ៖ ស្រី្តដែលជាកម្មកររោងចក្រម្នាក់ បានរត់មករកសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលប្អូនស្រីបង្កើតរបស់ខ្លួនបានបាត់ខ្លួនកាលពីម៉ោង៨យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្អូនស្រីដែលបាត់ខ្លួននោះ មានឈ្មោះ ឈន ស្រីអូន អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្បែកជើង យីងដុង មានស្រុកកំណើត នៅភូមិព្រៃបាយ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ មានប្តីឈ្មោះ ណែត រួមទាំងកូនប្រុស២នាក់ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម ។
តាមប្រភពពីបងស្រីបានឲ្យដឹងថា នៅមុនពេលដែលបាត់ខ្លួន ប្អូនបានប្រាប់បងថា ទៅទិញថ្នាំពេទ្យមួយភ្លែត ស្រាប់តែបាត់រហូតហើយទាក់ទងមិនបានតែម្តង ។
ដូចេ្នះតាមការសំណូមពររបស់បងស្រីបើមានបងប្អូនណាដែលបានស្គាល់ភិនភាគដូចខាងលើ សូមមេត្តាជួយប្រាប់ឲ្យមកផ្ទះវិញផង ពិសេសសាម៉ីខ្លួនបើបានឃើញ សូមវិលត្រឡប់មកផ្ទះវិញផង ពីបងប្អូន រួមទាំងប្តី និងកូនមានការព្រួយបារម្ភណាស់ ៕ សុខាសែនជ័យ