ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានចាក់ដីលុបបឹង នៅមុខវត្តស្រែអម្ពិល ធ្វើឲ្យអ្នកដំណើររិះគន់

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានចាក់ដីលុបបឹងមួយកន្លែង មានទីតាំងនៅមុខវត្តស្រែអម្ពិល ភូមិស្រែអម្ពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងធ្វើឲ្យប៉ះពាលដល់សណ្តាប់ធ្នាប់សាធារណៈ បង្កគ្រោះដល់អ្នកដំណើរដោយសារតែរថយន្តដឹកដីចេញពីរណ្តៅ កំពប់អាចម៍ដីធ្លាក់មកលើផ្លូវលេខ១១៦អា ដែលប្រជាពលរដ្ឋតែងតែហៅថាផ្លូវស្រែអម្ពិល ។

ដូចឃើញក្នុងរូបភាពនេះ ផ្លូវចាក់កៅស៊ូនៅមុខផ្លូវចូលការដ្ឋានចាក់ដីបានគ្របដណ្តប់ទៅដោយអាចម៍ដីពេញលើផ្លូវពិបាក ក្នុងការធ្វើដំណើរឆ្លងកាត់ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ហុយមើលផ្លូវស្ទើរមិនឃើញ ពេលភ្លៀងម្តងៗ អ្នកធ្វើដំណើរដោយម៉ូតូតែងតែរអិលដួល ចំណែកអ្នកម៉ៅការចាក់ដីលុបបឹងមិនខ្វល់អីទុក្ខលំបាករបស់អ្នកដំណើរនោះឡើយ ដោយឡែកអាជ្ញាធរឃុំ ស្រុក ហាក់ដូចជាមើលរំលងពីក្រុមឈ្មួញដែលកំពុងចាក់ដីធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់បរិស្ថាន ។

លោកស្រី អ៊ុក សឿន មេឃុំឈើទាលបានប្រាប់តាមទូរស័ព្ទថា ការដ្ឋានចាក់ដីនេះមិនដឹងជារបស់ក្រុមហ៊ុនណាទេ គ្រាន់តែដឹងថាជារបស់ក្រុមហ៊ុនចិន ចំណែកអ្នកម៉ៅការចាក់ដីមានទីលំនៅក្នុងឃុំឈើទាលកន្លងមកខាងឃុំបានហៅមកធ្វើកិច្ចសន្យាឲ្យគោរពតាមការណែនាំរបស់រដ្ឋបាលស្រុកកៀនស្វាយ និងអាជ្ញាធរឃុំដែរ តែឥឡូវនេះក្រុមរកស៊ីម៉ៅការចាក់ដីមិនអនុវត្តតាមឡើយ ហើយលោកស្រី និងរាយការណ៍ទៅរដ្ឋបាលស្រុកដើម្បីសុំគោលការ ។

មហាជនបានបញ្ចេញទស្សនៈថា បើអាជ្ញាធរឃុំ ស្រុក គ្មានវិធានការចំពោះអ្នករកស៉ីចាក់ដីលុបបឹងនៅមុខវត្តស្រែអម្ពិលធ្វើបាត់បង់សណ្តាប់ធ្នាប់ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរនេះទេ មានន័យថាឈ្មួញមានឥទ្ធិពលគ្របដណ្តប់លើអាជ្ញាធរ ៕ សណ្តោស


ចែករំលែក៖