ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX300 បើកបុករថយន្ត GS300 ជ្រុលទៅបុកដើមឈើគៀបជាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនបើករថយន្តឡិចស៊ីស RX300 លឿនជ្រុលបុករថយន្តឡិចស៊ីសGS300បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងខាងឆ្វេង​ ហើយបន្តទៅបុកដើមឈើមួយដើមគៀបជាប់ទៅមុខលែងរួច​ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចស្តុបបូកគោ​ តាមបណ្តោយផ្លូវមុនីវង្ស ស្ថិតក្នុង សង្កាត់បឹកកេងកងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស​ GS300 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​2AT 8059 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស​ RX300 ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ2T 0376 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលបុកពីចំហៀងរថយន្តឡិចស៊ីស GS300 បណ្តាលឲ្យរេចង្កូតទៅដើមឈើគៀបជាប់ទៅមុខលែងរួច រងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោក រាជធានីភ្នំពេញ មកវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖