ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម

ចែករំលែក៖

វៀតណាម៖ នៅរាត្រីថ្ងៃទី២ ខែឧសភា ២០១៩ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មុនពិធីគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ នៅព្រឹកថ្ងៃស្អែក។ ក្នុងជំនួបពិភាក្សាគ្នានោះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ថាក្នុងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម លោកផ្ទាល់សូមសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេសនិងប្រជាជន វៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍អរគុណ ជូនចំពោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសំរួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណ បំណាច់ជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិន ឲ្យវិលត្រឡប់មកវិញនៃរបប ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេចនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ សម្តេច តេជោនាយករដ្ឋមន្រ្តីក៏បានរៀបរាប់ពីប្រវត្តិនៃការជួបសន្ទនាជាមួយ លោក ឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ ដោយបានចាត់ទុកថា លោក ឡេ ឌឹកអាញ់ គឺ ជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា នេះគឺជាលើកចុងក្រោយនៃការអញ្ជើញ មកគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ជាពិសេសការបញ្ជាក់ពីការគោរពស្រឡាញ់ក្នុងនាម ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា វត្តមានរបស់ សម្តេចនិងគណៈប្រតិភូនៅពេលនេះ ក៏បានបញ្ជាក់ពីការគោរពស្រឡាញ់ពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នាក្នុងគ្រាមានការលំបាកដូចគ្នាកាលពីអតីតកាល។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏បានពិភាក្សាគ្នាផងដែរ ពីជំនួបក្នុងអាហារពេលព្រឹក នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឱកាសដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបានធ្វើការពិភាក្សាផងដែរ ទាក់ទិនទៅនិងទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហា តំបន់ និអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕


ចែករំលែក៖