ភ្នំពេញ៖ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសពីការវិនិយោគថ្មីចុងក្រោយបំផុតរបស់ខ្លួនទៅលើក្រុមហ៊ុន SALA ដែលជាកម្មវិធីគ្រប់គ្រងដំណោះស្រាយសម្រាប់សាលារៀន ដែលមានមូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន GoGames ដែលផ្លាតហ្វមហ្គេមកម្សាន្តក្នុងទូរស័ព្ទដៃ ដែលកំពុងដាក់ឲ្យដំណើរការនៅកម្ពុជា ។ ការវិនិយោគបន្ថែមទាំងនេះ បានធ្វើឲ្យមូលនិធិអាជីវកម្មរបស់ SADIF ពង្រីកខ្លួនរហូតដល់ទៅ៨ក្រុមហ៊ុន ដោយ ក្រុមហ៊ុនអាជីវកម្មបែបឌីជីថលផ្សេងទៀត មានដូចជា ក្រុមហ៊ុន Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន Agribuddy ក្រុមហ៊ុន Sousdey និង ក្រុមហ៊ុន Okra Solar ។
SALA គឺជាកម្មវិធីគ្រប់គ្រងសាលារៀន ដែលត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ និងសាកលវិទ្យាល័យ ។ ជាមួយ និងកម្មវិធីផ្សេងៗដូចជាការគ្រប់គ្រងសិស្ស ធនធានមនុស្ស ការបង់ប្រាក់ ព្រមទាំងរដ្ឋបាលសម្រាប់សាលារៀន ។ ប្រព័ន្ធរបស់ SALA អនុញ្ញាតឲ្យរដ្ឋបាលសាលារៀន ធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការទំនាក់ទំនង និងគ្រប់គ្រងកម្មវិធីសិក្សា ជាមួយគ្រូបង្រៀន សិស្ស និង អាណាព្យាបាល ។
ទាក់ទង និងការបញ្ជូលក្រុមហ៊ុនទាំង២នេះ លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ «ការវិនិយោគនេះ បង្ហាញឲ្យឃើញថា បច្ចេកវិទ្យាឌីជីថលមានឥទ្ធិពលលើរបៀបដែលយើងរៀនសូត្រ និងការលេងកម្សាន្ត ។ ក្រុមហ៊ុន SALA ពង្រឹងអំណាចដល់សាលារៀន និងស្ថាប័នអប់រំ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាព និង ការគ្រប់គ្រងទិន្នន័យរបស់សិស្ស ដោយឡែក ក្រុមហ៊ុន GoGames ជាផ្លាតហ្វមហ្គេមតាមទូរស័ព្ទដៃ អនុញ្ញាតអ្នកចូលចិត្តលេងហ្គេមរីករាយជាមួយហ្គេមរាប់រយជាមួយការជាវដោយភាពងាយស្រួលលើឧបករណ៍ប្រើប្រាស់របស់ពួកគេ ។ »
លោក Mervyn Cheo ប្រធានក្រុមហ៊ុន Forte Investment Holdings និងជាសមាជិកគណៈកម្មាការវិនិយោគរបស់ SADIF បានមានប្រសាសន៍ថា៖ «បើគ្មានដំណោះស្រាយស្វ័យប្រវត្តិ ការរក្សាទុកទិន្នន័យ ឬការតាមដានព័ត៌មាន អាចជាឧបសគ្គចម្បង និង ចំណាយច្រើនសម្រាប់សាលារៀន ។ ពួកគេ និងត្រូវចាប់យកបច្ចេកវិទ្យាថ្មីដូចជា SALA នៅពេលដែលសាលារៀនរីកលូតលាស់កាន់តែធំ និងស្មុគស្មាញឡើង ។ ស្របពេលជាមួយគ្នានេះដែរ ទីផ្សារអប់រំនៅកម្ពុជាកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ដែលនេះតំណាងនូវឱកាសដ៏ធំមួយសម្រាប់ SALA» ។
លោក សុខ លាភ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន SALA បានមានប្រសាសន៍ថា៖ «ក្រុុមហ៊ុន SALA បានដាក់ឲ្យដំណើរការផ្ទាល់នៅឯវិទ្យាស្ថានអប់រំឯកជនឈានមុខគេមួយនៅរាជធានីភ្នំពេញ ។ បច្ចុប្បន្ន យើងកំពុងទទួលបានអ្នកប្រើប្រាស់កម្មវិធីរបស់យើងច្រើនជាង ២000 នាក់នៅលើផ្លាតហ្វមរបស់យើង ។ ការផ្តល់មូលនិធិ និងការឧបត្ថម្ភពីអាជីវកម្ម SADIF និងជួយយើងអភិវឌ្ឍកម្មវិធីផ្សេងៗបានពេញលក្ខខណៈ ដែល និងបំពេញតម្រូវការផ្សេងៗគ្នាដល់អតិថិជនដែលកំពុងតែកើនឡើង» ។
ក្រុមហ៊ុន SALA ក៏កំពុងសហការជាមួយ New Generation School ដែលជាកម្មវិធីកំណែទម្រង់អប់រំទូទាំងប្រទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសាកល្បងប្រើដំណោះស្រាយនេះ នៅសាលារៀនរដ្ឋចំនួន ៤ សាលា ។
ក្រុមហ៊ុន GoGames: កម្មវិធីហ្គេមក្នុងទូរស័ព្ទដៃស្រដៀង កម្មវិធីរបស់ Netflix ដោយបានចាប់ដំណើរការក្នុង ឆ្នាំ ២០១៧ ក្រុមហ៊ុន GoGames គឺជាកម្មវិធីហ្គេមសម្រាប់ជាវតាមទូរស័ព្ទដៃសម្រាប់ប្រព័ន្ធ Android ដែលមានកម្មវិធីហ្គេមជាង៤០០កម្មវិធី ។ ក្រុមហ៊ុននេះ ផ្តោតលើទីផ្សារដែលកំពុងរីកចម្រើន និងត្រូវបានគេដាក់ឈ្មោះឲ្យថា “Netflix of Games” ដោយសារតែគំរូអាជីវកម្មរបស់ខ្លួន ភាពងាយស្រួល និង ជម្រើសផ្សេងៗ ។ ក្រុមហ៊ុន GoGames បច្ចុប្បន្ន កំពុងតែដំណើរនៅប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ស្រីលង្កា និងប្រទេសថៃ ។ ក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការចាប់ផ្តើមដាក់ឲ្យដំណើរនៅប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានបន្ថែមថា៖ «ការរីកចម្រើនរបស់បច្ចេកវិទ្យាល័ត និងការផ្តល់កញ្ចប់ទិន្នន័យដែលមានតម្លៃសមរម្យ គឺជាកត្តាដ៏សំខាន់ក្នុងការទទួលជោគជ័យទៅលើកម្មវិធីហ្គេមលើទូរស័ព្ទចល័ត ។ សព្វ ថ្ងៃនេះ លោកអ្នកអាចដាក់វីដេអូហ្គេមក្នុងហៅប៉ៅរបស់អ្នក និងលេងហ្គេមនោះ ពេលណាក៏បាន ក្នុងតម្លៃថោកសមរម្យ ។ ក្រុមហ៊ុន GoGames បានបង្ហាញឲ្យថា ពួកគេមានសមត្ថភាពក្នុងការផ្តល់តម្លៃដែលមានភាពផ្សេងគ្នា ទៅកាន់អ្នកចូលចិត្តលេងហ្គេមជាយុវជន នៅអាស៊ី ដែល និងនាំឲ្យមានឱកាសនៃការបង្កើតកម្មវិធីរកប្រាក់បានជាច្រើន ទៅ ថ្ងៃអនាគត»៕ វឌ្ឍនា