ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបកម្សាន្តយីហោ “ម៉ូស” បង្កសំឡេងរំខានដល់ស្ថានទូតរុស្ស៊ីត្រូវអាជ្ញាធរខណ្ឌចំការមន ចុះធ្វើកិច្ចសន្យាអប់រំ

ចែករំលែក៖

ភ្នំពេញ៖ លោក សេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅពិនិត្យក្លឹបកម្សាន្តមួយកន្លែងយីហោ “ម៉ូស” ក្រោយពីមានពាក្យបណ្តឹងថា ក្លឹបមួយនេះ បង្កសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីស្ថានទូតរុស្ស៊ី រកដេកពួនមិនបាន ។

ប្រតិបត្តិការចុះពិនិត្យក្លឹបកម្សាន្តខាងលើនេះ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃពុធ ១​២រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព​.​ស ​២៥៦២ ត្រូវ​នឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្លឹបកម្សាន្តយីហោ “ម៉ូស” ក្រោយស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្ត្រីសាលាខណ្ឌចំការមន បានឲ្យដឹងថា មុននឹងអាជ្ញាធរខណ្ឌ ចុះពិនិត្យក្លឹបកម្សាន្តយីហោ “ម៉ូស” នេះ គឺដោយសារតែខាងស្ថានទូត ដែលមានទីតាំងក្បែរនោះ បានរាយការណ៍ប្រាប់អាជ្ញាធរថា ក្លឹបកម្សាន្តខាងលើនេះ តែងតែបង្កសំឡេងរំខានដល់ស្ថានទូត ទាំងកណ្ដាលអាធ្រាត្រធ្វើឲ្យពួកគាត់រកសម្រាកមិនបាន ។

ប្រភពដដែល បន្តថា ក្រោយពេលទទួលបានសេចក្តីរាយការណ៍បែបនេះ ទើបនៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌចំការមន ដែលមានលោក សេង សុថុល អភិបាល នៃគណៈអភិបាល បានដឹកនាំមន្ត្រីសាលាខណ្ឌ និងកងកម្លាំង នៃអធិការដ្ឋានខណ្ឌចំការមន ចុះទៅធ្វើការណែនាំ និងហៅម្ចាស់ក្លឹបកម្សាន្តខាងលើ មកធ្វើកិច្ចសន្យារអប់រំ ដោយឲ្យបន្ថយសំឡេងចាប់ពីម៉ោង១២រំលងអធ្រាត្រចុះក្រោម ៕ស រស្មី


ចែករំលែក៖