ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនបានប្រុងប្រយ័ត្ន ដល់ផ្លូវបែកជាបួន មិនបានបន្ថយល្បឿន ក៏ជ្រុលបុកក្បាលរថយន្តរ៉េវហ្វ័របណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥១ កែងផ្លូវ២៤០ នៅចំណុចមុខស្ថានីយប្រេងស៊ូគីមិច ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មាន ពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនជាតិជប៉ុន រួមនឹងស្ត្រីម្នាក់ទៀត រួមដំណើរជាមួយបើករថយន្តមួយគ្រឿង ម៉ាករ៉េវហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0764 បើកបរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើត ក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខ កំពង់ធំ1A9788 បើកបរតាមបណ្តោយផ្លូវ២៤០ ក្នុងទិសដៅពីកើតទៅលិច បើកក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចផ្លូវបែកជាបួន អត់បានបន្ថយល្បឿន អកហ្សើ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកចំក្បាលរថយន្តរ៉េវហ្វ័រ ចំពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូដួលសន្លប់រងរបួសធ្ងន់ និងខូចខាតម៉ូតូបាក់ក្បាំងខាងស្តាំ រីឯរថយន្តរងការខូចខាតកំពិតកាប៊ិនផ្នែកខាងមុខចំហៀងខាងឆ្វេង រួមនឹងបែកកញ្ចក់មុខ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនរស្មី បានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គ្រោះផងដែរ ។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ធឿនព្រែកជ័យ


ចែករំលែក៖