ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ចរាចរណ៍រថយន្តបុកពីក្រោយម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦:១៥នាទីល្ងាច លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨-១៧៩ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១ គ្រឿងម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាក លេខព្រះសីហនុ 3A-3222 ដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានី ភ្នំពេញ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើរថយន្តបានបុកពីក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1H-5490 ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សេង ឡង់ ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្ត្រីអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

តាមរបាយការណ៍ពីសមត្ថកិច្ចថា អ្នកបើកបររថយន្តបង្កហេតុបានបើកទៅមុខ ហើយឈប់នៅភូមិត្រពាំងមូល ឃុំជើងគោ រួចចុះរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

ចំណែកវត្ថុតាង រថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖