ព័ត៌មានទាន់ហេតុការណ៍៖

ដីឡើងថ្លៃ​សូម្បីតែជនជាតិភាគតិច ក៏អនុវត្តយុទ្ធសាស្ត្រ «ចាញ់បានលុយ ឈ្នះបានដី»

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ក្រុម​ជនជាតិភាគតិចប្រហែល​ជិត​៤០នាក់ (ប្រុស២០នាក់) បាននាំគ្នា​ប្រមូលផ្តុំនៅចំណុចព្រៃចាក់ ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមលេសថា​ដើរល្បាត​ដើម្បីមើលសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ ។ ប៉ុន្តែមន្ត្រីនៅក្នុងតំបន់​អះអាងថា​ ក្រុមជនជាតិភាគតិចទាំងនោះ​មានបំណង​ចុះទៅបោះបង្គោលកាន់កាប់ដីព្រៃ​ដោយខុសច្បាប់ ។ មន្ត្រី​នៅទីនោះអះអាងថា ពួកគេ​បានប្រមូលផ្តុំគ្នាដើម្បីចាប់យកដីនៅក្នុងដែនជម្រកសត្វព្រៃ ដែលមួយផ្នែកសិទ្ធិនៅក្នុងខេត្តមណ្ឌលគិរី និងមួយផ្នែកស្ថិតនៅក្នុង​ខេត្តរតនគិរី ។ គេចាត់ទុកទង្វើរបស់ក្រុមជនជាតិភាគតិច​ទាំងនេះ គឺខុសច្បាប់ ។

បណ្តាញសហគមន៍ជនជាតិដើម​ក្នុងខេត្តមណ្ឌលគិរី លោក ក្រើង តុលា បាននិយាយថា ប្រជាសហគមន៍ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក​ ខេត្តមណ្ឌលគិរីនាំគ្នាចុះល្បាតព្រៃឈើ ក៏ប្រទះឃើញបទល្មើសព្រៃឈើ​នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ។ លោកថា កិច្ចការ​របស់​ជនជាតិដើមភាគតិច គឺការពារធនធានធម្មជាតិ ។ ប្រធានបណ្តាញសហគមន៍រូបនេះបន្ថែមថា យើងនាំគ្នាចុះល្បាត​មានគ្នាជាង​៦០នាក់ ដែលក្នុងនោះមានស្ត្រី​៤២នាក់ ។

លោក ហាន សាខន នាយកដែនជម្រកសត្វព្រៃភ្នំព្រេច មានប្រសាសន៍ថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងរបស់លោកចុះពិនិត្យ​ទីតាំងដែលប្រជាពលរដ្ឋប្រមូលផ្តុំនៅចំណុចព្រៃចាស់ ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក បានជួបប្រជាពលរដ្ឋ​៣៥នាក់ ដែលកំពុង​បោះបង្គោល ប៉ុនប៉ងយកដីព្រៃ ។ លោកបន្តថា «យើងបានណែនាំ​ និងផ្សព្វផ្សាយច្បាប់ស្តីពី​តំបន់ការពារធម្មជាតិ ពីព្រោះថា ប្រជាពលរដ្ឋដែលចូលមកប្រមូលផ្តុំគ្នានោះ ដើម្បីចាប់យកដី​នៅក្នុងដែនជម្រកសត្វព្រៃ ដែលជាតំបន់ស្នួល» ។

លោកនាយកដ្ឋានជម្រកសត្វព្រៃភ្នំព្រេច​បានបន្ថែមថា ការដែលបងប្អូនប្រជាពលរដ្ឋមកទីនេះ​ក្នុងគោលបំណង​រស់នៅទីតាំង​ខាងលើ​មិនបាន
ទេ ព្រោះជាទង្វើខុសច្បាប់ ។ លោកបានព្យាយាមណែនាំ ដល់ប្រជាពលរដ្ឋទាំងនោះ គឺហាមចាប់យកដីនេះ ប៉ុន្តែប្រជាពលរដ្ឋ​ទាំង​នោះ​និយាយថា ត្រូវតែយកដីនេះ ទៅតាមចិត្តចង់ ពីព្រោះ តាំងពីដើមរៀងមក ពួកគាត់តែងតែចល័ត​ភូមិឋានជាធម្មតា ។

ប្រភពពីអាជ្ញាធរស្រុកកោះញែក​បាននិយាយថា ចលនារបស់បណ្តាញសហគមន៍ជនជាតិដើមភាគីតិច ដឹកនាំដោយលោក ក្រើង តុលានោះ គឺ​ដោយសារមានការញុះញង់​ពីឈ្មួញណាមួយ​ចង់បានដី​នៅតំបន់នោះ ដូច្នេះ​ក៏រុញ​ឲ្យជនជាតិភាគតិច​ទៅបោះទីតាំង​ចង់បាន​ដីនៅតំបន់ការពារ ។ ពេលដែលបានដីរស់នៅ​មួយរយៈហើយនោះ ពួកឈ្មួញនឹងទិញដីនោះពីជនជាតិភាគតិច​ទាំងនោះ​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជាដីស្របច្បាប់ ។ មន្ត្រីអាជ្ញាធរស្រុកកោះញែក​បាននិយាយថា ក្រុមលោក ក្រើង តុលា ជា​ជនជាតិដើមភាគតិច ដែលបង្កប់​នូវបញ្ហា​ផល​ប្រយោជន៍ដូចអ្វីដែលគេតែងនិយាយថា «ចាញ់បានលុយ ឈ្នះបានដី» ។

មន្ត្រីសាលាខេត្តមណ្ឌលគិរីអះអាងថា អាជ្ញាធរមានសមត្ថកិច្ចកំពុង​ស៊ើបអង្កេតបញ្ហានេះ ហើយអាច​នឹងឈានទៅដល់ចាប់ខ្លួន មេខ្យល់​ក្នុងចលនាបំផុស​ឲ្យជនជាតិដើមភាគតិចចុះទៅចាប់យកដីនៅតំបន់ការពារ​ក្នុងស្រុកកោះញែកនោះ ។ ចរន្តនេះ​បើសិនជាមិនទប់ស្កាត់​ឲ្យបានទាន់ពេលវេលាទេនោះ អាចនឹងបង្កឲ្យមានបញ្ហាឈឺក្បាល​ពិបាកដោះស្រាយទៅថ្ងៃក្រោយ ។ មន្ត្រីមានសមត្ថកិច្ច​រំពឹងថា ស្ថាប័នជំនាញនានា រាប់ទាំងសាលាដំបូងខេត្តមណ្ឌលគិរីផង នឹងរួមចំណែក​ទប់ស្កាត់ភាពអនាធិបតេយ្យ​ទាំងនេះឲ្យមានប្រសិទ្ធភាព ៕ ហេង សូរិយា


ចែករំលែក៖