ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចោមចៅទី៣ ឃាត់បានក្មេងស្ទាវ អ្នកលេងដាវសាំម៉ូរ៉ៃ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងល្បាតរបស់ប៉ុស្តិ៍ចោមចៅទី៣ បានឃាត់ខ្លួនក្មេងស្ទាវក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ២នាក់ ខណៈដែលកម្លាំងកំពុងប្រដេញតាមជនសង្ស័យ មុខសញ្ញាឆក់ បែរជាប្រទះជួបក្មេងស្ទាវទៅវិញ ដកហូតបានដាវសាំម៉ូរ៉ៃ១ដើម ម៉ូតូ ១គ្រឿង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ភ័ក្រ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ចាន់ សុខវាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិបឹង ឃុំមៀន ស្រុក អូររាំងឳ ខេត្ត ត្បូងឃ្មុំ ។

តាមលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ បានឲ្យដឹងថា មុនឃាត់ខ្លួនបានក្មេងស្ទាវទាំង២នាក់នេះ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ល្បាតក្នុងភូមិសាស្ត្រ ត្រង់ចំណុចខាងលើ ក្រោយពីទទួលពត៌មានមកថា មុខសញ្ញាឆក់ ឆ្លងកាត់ទីនោះ ហើយកម្លាំងកំពុងតែ ដេញតាមស្វែងរកមុខសញ្ញាឆក់ បែជាប្រទះជួប ជនសង្ស័យជាក្មេងស្ទាវ មានទាំងដាវ ជិះម៉ូតូ សេ១១០ សេរី២០១២ មានតែឆ្អឹងដែក អត់ស្លាកលេខ ក៏ឃាត់នាំទៅសាកសួរ នៅប៉ុស្តិ៍តែម្តង ។

ជនសង្ស័យដោយពាក់ព័ន្ធទៅនឹង រក្សាដទុកដាវសាំម៉ូរ៉ៃនឹងខ្លួន ម៉ូតូគ្មានឯកសារ ត្រូវបានឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖