ភ្នំពេញ៖ នាព្រឹកព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនបុរសជនជាតិចិន ដែលច្រកដីខ្សាច់ បន្លំធ្វើជាគ្រាប់បែកច្នៃយកទៅគំរាម ជនជាតិចិនដូចគ្នា នៅហាងលក់គុជយីហោ “ហឺហឺ”នោះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។
មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE449081127 ។
មន្រ្តីដដែលបន្តថា នៅមុនពេលឃាត់់ខ្លួនជនជាតិចិនខាងលើនេះ គឺរូបគេបានច្រកដីខ្សាច់ បន្លំធ្វើជាគ្រាប់បែកច្នៃ យកទៅគំរាម មិត្តភក្តិដែលជនជាតិចិនដូចគ្នា នៅចំណុចហាងលក់គុជយីហោ “ហឺហឺ” កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្មានតែជាគ្រាប់បែកច្នៃមែនទែន ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចផ្ទុះប៉ះពាល់ដល់ពួកគាត់រស់នៅក្បែរនោះ ហើយក្នុងហេតុការណ៍នោះដែរកម្លាំងសមត្ថកិច្ចជំនាញទាំងថ្នាក់ក្រុង និងផ្នែកជំនាញក្រសួងមហាផ្ទៃ មានការភ្ញាក់ផ្អើលចុះមកត្រួតពិនិត្យជាក់ស្តែងផងដែរ ។
បច្ចុប្បន្នជនសង្ស័យ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕សុខា សែនជ័យ