ខេត្តកំពង់ធំ៖ បុរសម្នាក់ស្លាប់ដោយសារគាំងបេះដូង កាលពីវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៩ នៅ ភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ សោម ឡូត ភេទប្រុស អាយុ៥៦ ឆ្នាំនៅ ភូមិ កើតហេតុខាងលើ(ជាអតីតយុទ្ធជនពិការ) ។
ក្រោយទទួលព័ត៌មានកម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសព ។
តាមការបំភ្លឺពីឈ្មោះ នឿន អុល អាយុ៣៤ ឆ្នាំ ត្រូវជាប្រពន្ធសពបានបញ្ជាក់ថា ៖ កន្លងមកប្តីរបស់គាត់ធ្លាប់មានជម្ងឺថ្លើម និងគ្រួសក្នុងតំរងនោម ហើយគាត់បានរកថ្នាំខ្មែរផឹកដោយខ្លួនឯង ប៉ុន្តែរយ:ពេល៤ទៅ៥ថ្ងៃកន្លង មកនេះប្តីគាត់ចេះត្អូញប្រាប់ថា ឈឺចុកត្រង់ឆ្អឹងជំនី តែគាត់នៅតែធ្វើការធម្មតាលុះដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ពេលថ្ងៃប្តីគាត់ចាក់ធុងបាស់នៅវត្តមុនីសូរិយា ហៅវត្តក្តី ស្រង៉ែ ក្នុងកម្មវីធីបុណ្យ ពេលចប់ក៏បានដឹកធុងបាស់មករៀបចំចាក់ក្នុងកម្មវីធីមង្គលការនៅ ភូមិត្រពាំងជ័រ ជាមួយកូនប្រុសឈ្មោះ ឡូតប៊ុនលាត អាយុ១១ ឆ្នាំ លុះដ់ល់ម៉ោងប្រហែល១០ និង ៣០នាទីយប់ ទើបប្តីគាត់ និងកូនមកវិញហើយបាននាំគ្នាដេកក្រោមផ្ទះ ចំណែកគាត់ដេកជាមួយកូនស្រីនៅលើផ្ទះលុះដល់ម៉ោងប្រហែល ៥ និង១០នាទីព្រឹក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៩ គាត់ចុះមកដីទៅមើលប្តីដែលដេកលើអង្រឹង ស្រាប់តែស្លាប់ឡើងរឹងទៅហើយ ។
បើតាមការបំភ្លឺពីឈ្មោះ ឡូត ប៊ុនលាត ភេទប្រុស អាយុ១១ឆ្នាំ ជាកូនបង្កើតសពបានបញ្ជាក់ថា នៅម៉ោងប្រហែល១០ និង៣០នាទីយប់ រូបខ្លួន និងឪពុកត្រឡប់មកពីកន្លែងចាក់ធុងបាស់ ពេលដល់ផ្ទះឪពុកប្រាប់ថា៖ មិនបាច់់ឡើងដេកលើផ្ទះទេ ដេកក្រោមផ្ទះជាមួយអញ បើអញកើតអី ជួយមើលផង ខ្លួនក៏ដេកលើគ្រែ ឪពុកដេកលើអង្រឹង តែពុំដឹងថា ឪពុកស្លាប់ពីពេលណាទេព្រឹកឡើងទើបដឹង ។
ក្រោយសមត្ថកិច្ចចុះពិនិត្យសពគឺពុំមានស្លាកស្នាមអ្វីឡើយ រួចសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់បណ្តាលមកពីគាំងបេះដូង រួចក៏ប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី