ព័ត៌មានទាន់ហេតុការណ៍៖

បាឡាស្មាច់បុកជាមួយទូកម៉ាស៊ីន ស្លាប់ស្ត្រីជនជាតិវៀតណាមម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជនជាតិវៀតណាមម្នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយ ដែលបង្កឡើង ដោយបាឡាស្មាច់ បុកជាមួយ នឹងទូកម៉ាស៊ីន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៩ នៅតាមដងទន្លេ ក្នុង ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ង្វៀង ធីនឹក អាយុ៤៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅ ភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ បាឡាស្មាច់បានបើកក្នុងទិសដៅពីលេចទៅកើត ពេលមកដល់ចំណុចកើតហេតុ ក៏បានវ៉ាក់អឺ និងទូកម៉ាស៊ីនរបស់ជនរងគ្រោះ ដោយមិនអាចទប់ល្បឿនបាន ក៏ជ្រុលទៅបុកទូកម៉ាស៊ីនពេញមួយទំហឹង បណ្តាលឲ្យស្រ្តីរងគ្រោះ ដែលជិះនៅលើទូកម៉ាស៊ីននេះ ធ្លាក់ទឹកបាត់តែម្តង ។ ក្រោយពីដឹងថា ស្រ្តីរងគ្រោះធ្លាក់ទឹក ប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នាចុះរាវ រកដែរ តែមិនឃើញ រហូតដល់ម៉ោងប្រមាណជាង៧ព្រឹក ទើបរកសពជនរងគ្រោះឃើញ ។

ក្រោយពេលកើតហេតុ បាឡាស្មាច់ បានលិចបាត់ទៅក្នុងទឹកផងដែរ ដោយឡែកអ្នកបើកបរបានគេចខ្លួនបាត់ ស្រមោលសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមរកអ្នកបើកបាឡាស្មាច់ យកមកចាត់ការតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖