ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមេម៉ាយម្នាក់កាន់រូបថតដើររកកូនប្រុស បាត់ពីផ្ទះជិត២០ថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីមេម៉ាយម្នាក់ ដែលជាអ្នកលក់នំក្រូច និងនំកង ក្នុង ភូមិ ដើរកាន់រូបថតកូនប្រុសរបស់ខ្លួនដើម្បីស្វែងរក ក្រោយពីបាត់អស់រយៈពេលជិត២០ថ្ងៃហើយនោះ ។ ស្រ្តីរូបនេះ បានកាន់រូបថតរបស់កូនប្រុសខ្លួនដើរមកដល់សួនច្បារ ដើម្បីរកមធ្យោបាយស្នើសុំឲ្យជួយផ្សាយរកកូនប្រុសរបស់គាត់ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ។

ស្រ្តីរូបនេះ បានប្រាប់ឲ្យដឹងថា រូបគាត់មានឈ្មោះ ទេព ញេះ អាយុ៥៥ ឆ្នាំ រស់នៅ ភូមិស្នងមំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ គាត់ជាស្រ្តីមេម៉ាយ រស់នៅជាមួយកូនប្រុស ដែលបាត់ខ្លួន បច្ចុប្បន្នគាត់ជាអ្នកលក់នំក្រូច នំកង នៅក្នុង ភូមិ គ្រាន់ចិញ្ចឹមជីវិត ។

ស្រ្តីរូបនេះ បានប្រាប់ទៀតថា កូនប្រុសរបស់គាត់មានឈ្មោះ ផុន ឡៃ ភេទប្រុស អាយុ២៥ឆ្នាំ កាលពីជាង២០ថ្ងៃមុន គាត់បាននាំកូនប្រុសរបស់គាត់ ដែលមានជំងឺសសៃប្រសាទ យកទៅមើល គ្រូខ្មែរនៅគង្គារ មើលទើបបាន២ទៅ៣ថ្ងៃ ក៏ត្រូវរត់ពីផ្ទះគ្រូខ្មែរបាត់រហូត ចាប់តាំងពីថ្ងៃទី១៧ ខែមេសា មកម្ល៉េះ មិនដឹងថា ដើរទៅទីណាខ្លះនោះទេ ។

ជាមួយ នឹងទឹកមុខក្រៀមក្រំ ក្នុងក្តីព្រួយបារម្ភពីកូនផងនោះ រូបគាត់បានលើកដៃសូមឲ្យជួយរកកូនរបស់គាត់ផង ព្រោះនៅពេលនេះមិនដឹងថា កូនរបស់គាត់ទៅទីណា និងស្ថិតក្នុងស្ថានភាពបែបណានោះទេ ។ កាលនៅផ្ទះគាត់ជាម្តាយ បានមើលថែ ឲ្យលេបថ្នាំសសៃប្រសាទ ហើយនាពេលនេះ ខានលេបថ្នាំ មិនដឹងជាអាការៈយ៉ាងដូចម្តេចនោះទេ ។ ប្រសិនបើបងប្អូនដែលឃើញកូនប្រុសរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថតនេះ ជួយផ្តល់ដំណឹង នេះផងគាត់ នឹងមកទទួល ៕ ចន្ថា


ចែករំលែក៖