ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​សែនសុខ​ បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ បាន​ម្នាក់​ទៀត​

ចែករំលែក៖

ភ្នំពេញ​៖ នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួន ជនសង្ស័យបន្ថែមមម្នាក់ទៀត នៅថ្ងៃទី៤​ ខែ​ឧសភា​ ឆ្នាំ​២០១៩ វេលាម៉ោង​១៦៖​០០នាទី ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស ឆក់យកទូរស័ព្ទដៃ​ កាលពីថ្ងៃ២៣​ ខែ​មេសា​ ឆ្នាំ​២០១៩ វេលាម៉ោង២៣៖០០នាទី នៅចំណុចមុខហាងប៉េស្តា ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ចំនួន៤នាក់ ដែលគេចខ្លួនម្នាក់​ ប្រើមធ្យោបាយម៉ូតូ៣គ្រឿង ។

ជនសង្ស័យឈ្មោះ សរ សំណាង ភេទប្រុស អាយុ១៧ ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានសារធាតុញៀន​ ។

ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរបុគ្គលិកហាងសំរិតពេជ្រ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ​ សម្ភារៈ​បាត់បង់ ៖ ទូរស័ព្ទ​ដៃមួយគ្រឿង ម៉ាកសាំសុងផ្លើស ។ ​

មុនពេលកើតហេតុ ថ្ងៃទី២៣​ ខែ​មេសា​ ឆ្នាំ​២០១៩ វេលាម៉ោង២៣៖០០នាទី ជនរងគ្រោះ និងមិត្តភក្តិ​បានជិះម៉ូតូមួយគ្រឿង ចេញពីកន្លែងធ្វើការ ដោយធ្វើដំណើរដល់ចំណុចកើតហេតុ​ ស្រាប់តែមានជនសង្ស័យមួយ​ក្រុម​មានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង មកជិតជនរងគ្រោះរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបាន រួចបម្រុងជិះម៉ូតូគេចខ្លួន តែដៃចង្កូតម៉ូតូរបស់ជនសង្ស័យ បានទាក់ជាមួយដៃចង្កូតជាម៉ូតូរបស់រងគ្រោះបណ្តាលឲ្យម៉ូតូទាំងដួល ហើយជនសង្ស័យបានរត់ឡើងជិះម៉ូតូបក្ខពូកគេចខ្លួន ដោយបន្សល់ទុក​ម៉ូតូជនសង្ស័យដួលមួយគ្រឿង នៅកន្លែងកើតហេតុ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។

បន្ទាប់មកសមត្ថិកិច្ច​ បានស្រាវជ្រាវ លុះដល់ថ្ងៃទី២​ ខែ​ឧសភា​ ឆ្នាំ​២០១៩ វេលាម៉ោង១១៖០០នាទី បានឃាត់ខ្លួនជនសង្ស័យសេដ្ឋា មិនារិទ្ធ , ជា ករុណា , សុខ ចន្ទ័រង្សី យកមកសាកសូរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

រហូតដល់ថ្ងៃទី៤​ ខែ​ឧសភា​ ឆ្នាំ​២០១៩ វេលាម៉ោង ១៦៖០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបន្តឃាត់ខ្លួន ជនសង្ស័យឈ្មោះ សរ សំណាង ក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅចំណុចក្នុងផ្ទះសង់ថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ ចេស្តា

 


ចែករំលែក៖