ខេត្តប៉ៃលិន៖ លោក យ៉ែម សារិទ្ធ អធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានទទួលព័ត៌មាន ពីបណ្ដាញសម្ងាត់ថា មានជនសង្ស័យម្នាក់កំពុងចែកចាយសារធាតុញៀនខុសច្បាប់ បន្ទាប់មកលោក ក៏បានដឹកនាំកម្លាំងក្រោមឪវាទចុះទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្តុតាង ម៉្សៅក្រាមពណ៌ស សង្ស័យម៉ាទឹកកកចំនួន២កញ្ចប់តូច រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ។
ជនសង្ស័យឈ្មោះ គង់ ប៊ុនណ: ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរកម្មករ ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ១៣ និង ៥០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើក ម្លាំងជំនាញរបស់លោកក៏បានសួរនាំជនសង្ស័យ ក៏បានសារភាពមុខសមមត្ថកិច្ចថា ខ្លួនបានទទួលទិញពីបុរសម្នាក់ទៀត ក្រោយមក លោកក៏ដឹកនាំកម្លាំង និង បញ្ជាឲ្យលោកវរសេនីយ៍ត្រី សេង ចិន្តា អធិការរង ដឹកនាំកម្លាំងក្រោមឱវាទ ហើយឲ្យ ជនសង្ស័យខាងលើញុះញង់ និងឈានទៅចង្អុលបង្ហាញ មុននឹងចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតនោះ លោកក៏បានស្នើសុំយោបល់ពីលោកព្រះរាជអាជ្ញា ខេត្តប៉ៃលិន ដើម្បីសុំសហការជាកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីចុះឆែកឆេរផ្ទះ រួចឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ប្ដីប្រពន្ធបន្ថែមទៀត់ ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទី ១ឈ្មោះ យ៉ែម យ៉ន ភេទប្រុស អាយុ ៥៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ អតិតកងរាជអាវុធហត្ថ (ចូលនិវត្តន៍) ទី ២.ឈ្មោះ ប៊ូ សុផល ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំងទាំងពីរមានទីលំនៅនៅកន្លែងកើតហេតុខាងលើ និងដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថា ជាម៉ាទឹកកកចំនួន ២កញ្ចប់ធំ ។ ទូរស័ព្ទដៃចំនួន២គ្រឿង, កាបូបលុយចំនួន០១ និងម៉ូតូចំនួន២គ្រឿង ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងសួរនាំ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស សារ៉េត