ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ រងរបួសបាក់ដៃស្តាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំណែករថយន្ត៣គ្រឿង ទទួលរងការខូចខាត ត្រូវបាននគរបាលអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ខណ:បុរសម្នាក់ជាថៅកែម៉ៅការសំណង់ដ៏ធំប្រចាំ ខេត្តប៉ៃលិន សង្ស័យស្រវឹងជោកជាំ បើកបររថយន្តឆ្លងផ្លូវក្នុងល្បឿនលឿន បណ្តាលឲ្យជ្រុលទៅបុករថយន្ត ដែលកំពុងធ្វើដំណើរតាមដងផ្លូវពេញទំហឹង ហើយរេចង្កូតរះទៅបុករថយន្តបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រលប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ បណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចចំណតរថយន្តថ្មី ក្នុង ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា : ជនបង្កហេតុបើករថយន្តឆ្លងផ្លូវ មាន ឈ្មោះ តា បារាំង ភេទប្រុស អាយុ៥៩ ឆ្នាំ ជាថៅកែម៉ៅការសំណង់ និងជាម្ចាស់ក្រុមហ៊ុនគ្រឿងចក្រឈួសឆាយដី និងរថយន្តដឹកដីទានប្រចាំនៅក្នុង ខេត្តប៉ៃលិន : រស់នៅក្នុង ភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយបើកបររថយន្តម៉ាកវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-6162 រងការខូចខាតផ្នែកខាងមុខ បើកបរក្នុងទិសដៅពីត្បូងទៅជើងឆ្លង ផ្លូវបម្រុងបត់ទៅទិសខាងលិច ។ ចំណែកជនរងគ្រោះទី១. ឈ្មោះ គីម បូនី ភេទប្រុស អាយុ៤១ ឆ្នាំ បើកបររថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A- 6668 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយយ៉ាងដំណំ និងប្រពន្ធរួមដំណើរ ឈ្មោះ សុំ សោភ័ណ្ឌ អាយុ៣៨ ឆ្នាំ រងរបួសបាក់ដៃស្តាំ រស់នៅ ភូមិអូរបេង ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ បើកបរក្នុងទិសដៅពីកើតទៅលិច ។ រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ ពូ ក្រឹម ភេទប្រុស អាយុ៤៣ ឆ្នាំ បើកបររថយន្តម៉ាកនីហ្សាន់ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ប.១១២៤ ភព ដោយរងការខូចខាតផ្នែកខាងឆ្វេងធ្ងន់ធ្ងរ រស់នៅក្នុង ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា: មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ ឈ្មោះ តាបារាំង បានបើកបរថយន្តរបស់ខ្លួនក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ដោយឆ្លងផ្លូវរួចក៏បត់ទៅទិសខាងលិច ស្រាប់តែជួបជាមួយនឹងរថយន្ត១គ្រឿងទៀត បើកបរតាមបណ្តោយផ្លូវជាតិលេខ៥៧ក្នុងទិសដៅពីកើតទៅលិច ក៏ត្រូវរថយន្តវីហ្គោបុកចំគូទពេញទំហឹង បណ្តាលឲ្យរេចង្កូតទៅខាងឆ្វេង បុកបន្តទៅរថយន្តនីហ្សាន់ដែល បើកបរក្នុងទិសដៅទីលិចទៅកើត ចំទ្វារចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូចខាតតែម្តង ។
ប្រភពបញ្ជាក់ទៀតថា: ក្រោយពេលកើតហេតុ គេឃើញម្ចាស់រថយន្តចង់រត់ការសម្របសម្រួលគ្នា រួចបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ តែត្រូវនគរបាលចរាចរណ៍ជើងគោកក្រុងប៉ៃលិន មិនហ៊ានសម្រេចក៏អូសរថយន្តទាំង៣គ្រឿងយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីឲ្យជនបង្ក និងរងគ្រោះចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ រីឯស្រ្តីរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ៕ ស សារ៉េត