ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះតូបក្នុងផ្សារអូអំបិល សរុបជាទឹកប្រាក់ប្រមាណ៥០ម៉ឺដុល្លារ

ចែករំលែក៖

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់អគ្គិភ័យ បានកម្ទេចតូបរបស់អាជីវករលក់ដូរ៦៧តូប បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារអូរអំបិល ស្ថិតក្នុង ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សរុបជាទឹកប្រាក់ប្រមាណ៥០ម៉ីនដុល្លារ ។

ក្នុងហេតុការណ៍នេះ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានចំនួន២គ្រឿង និងបន្ថែមរថយន្តពន្លត់អគ្គិភ័យមកពីតាមបណ្តាល ស្រុក-ក្រុងចំនួន៦គ្រឿង សរុបចំនួន៨គ្រឿង ។ លោក ប៊ុន ផេង ស្នងការនគរបាលទទួលការងារបង្ការ-ពន្លត់អគ្គិភ័យ បានចុះជួយអន្តរាគមន៍ពន្លត់ជាមួយកងកម្លាំងកងរាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋផងដែរ ។

សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានសង្កាត់អូរអំបិលឲ្យដឹងថា ៖ ករណីអគ្គិភ័យឆាបឆេះផ្សារអូរអំបិល ស្ថិតក្នុង ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណនេះ អស់ប្រមាណ៦៧តូប បើគិតជាទឹកប្រាក់ប៉ាន់ប្រមាណជា៥០ម៉ឺនដុល្លារអាមេរិក ។

តាមការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ច មូលហេតុអាចបណ្តាលមកពីទុស្សេកាប៊ីនភ្លើង តែយ៉ាងណា សមត្ថកិច្ច នឹងស្រាវជ្រាវបន្ត ដើម្បីឲ្យដឹងពីមូលហេតុពិតប្រាដកថា ការឆេះនេះបណ្តាលមកពីមូលហេតុអ្វី?

លោកស្នងការរងទទួលការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ប៊ុន ផេង ប្រាប់ថា៖ បន្ទាប់ពីទទួលបានព័ត៌មាន ហេតុការណ៍អគ្ហគីភ័យឆេះតូបអាជីវករ លក់ដូរ នៅផ្សារអូរអំបិលនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្ត បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យ បង្ការ-ពន្លត់អគ្គិភ័យ យករថយន្តចំនួន២គ្រឿង និងរថយន្តចំនួន៦គ្រឿង មកពីតាមបណ្តា ស្រុក-ក្រុង ដូចជា ស្រុកមង្គលបូរី ព្រះនេត្រព្រះ ស្វាយចេក អូរជ្រៅ ក្រុងសិរីសោភ័ណ ថ្មពួក សរុបចំនួន៨គ្រឿង ដោយក្នុងនោះបានប្រើប្រាស់ទឹកអស់ចំនួន៣៣រថយន្ត និងប្រើប្រាស់ពេលវេលាជិត៣ម៉ោង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនរាលដាលទៅផ្ទះជុំវិញផ្សារ និងតូបផ្សេងៗទៀតបាន បើទោះបីជាផ្លូវរថយន្តចូលជួយអន្តរាគមន៍មានលកខណៈតូចចង្អៀតក៏ដោយ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះនោះទេ ហើយអគ្គិភ័យឆេះតែតូបក្នុងផ្សារចំនួន៦៧តូប ក្នុងចំណោមតូបជាង១០០ ៕ វណ្ណាប៉ោយប៉ែត

 

 


ចែករំលែក៖