ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិ ផ្ទះជាង ១០០ខ្នងរងការខូចខាត និងស្លាប់មនុស្ស ១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រោះធម្មជាតិភ្លៀងលាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះបាញ់ នៅតែបន្តបោកបក់លើមនុស្ស.សត្វយ៉ាងសារហាវ បណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋជិត ១០០ខ្នងរងការខូចខាតយ៉ាងដំណុំ និងឆក់យកជីវិតក្មេងស្រីជំទង់ម្នាក់ថែមទៀត ។

ហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ និងរន្ទះបាញ់ បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ សាលាបង្រៀន និងស្លាប់មនុស្សខាងលើ បានកើតឡើងដំណាលគ្នានារសៀល ថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុង ស្រុកបាកាន និង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបាកានឃើញថា នៅ ភូមិសំរោង ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង រងការខូចខាតរបើកដំបូល ជញ្ជាំង និងធ្លាក់ពីលើជើងសសរ រួមទាំងរបើកដំបូលសាលាបង្រៀនចំនួន ០១ខ្នងផងដែរ ប៉ុន្តែមិនបង្ករងរបួសដល់មនុស្សសត្វនោះទេ ។

ដោយឡែក៖ យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្ដៀងឯនេះវិញឃើញថា នៅ ភូមិអន្លង់ហាប ភូមិដំរីស និង ភូមិគៀន ឃុំកោះជុំ ស្រុកកណ្ដៀង ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ២០ខ្នង រងការខូចខាតរបើកដំបូល និងជញ្ជាំង ក្នុងនោះ ក៏មានធ្លាក់ពីលើជើងសសរចំនួន ០៤ខ្នងផងដែរ ។ នៅ ភូមិពោធិ៍ឡើង និង ភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្ដៀង ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ០៧ខ្នង រងការខូចខាតរបើកដំបូល និងជញ្ជាំង ក្នុងនោះដួលរលំចំនួន ០១ខ្នងដែរ ។ នៅ ភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៥៥ខ្នង រងការខូចខាតរបើកដំបូល និងជញ្ជាំង ក្នុងនោះក្នុងនោះ ក៏មានដួលរលំចំនួន ០១ខ្នងថែមទៀត សរុបប្រមាណ ១០២ខ្នងរងការខូចខាត ។

របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្ដៀងដដែលបន្តទៀតថា នៅ ភូមិចំកាតាប៉ូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង មានករណីរន្ទះបាញ់បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ កុយ ខុក ភេទស្រី អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិ. ឃុំកើតហេតុខាងលើ នៅគ្រាដែលជនរងគ្រោះកំពុងគង្វាលសត្វពាហនៈ(គោ) នៅវាលស្រែផ្នែកខាងមុខផ្ទះ ៕ បុឹម ពិន


ចែករំលែក៖