ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ និងស្រ្តីម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ខាងលើ បានកើតឡើងនៅវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧.២៨ ស្ថិតក្នុង ភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញឃើញថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ខែត សុខាន់ ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិកោះក្របី ឃុំខ្នាទទឹង ស្រុកបាកាន ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរី ឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 8072 និងអ្នករួមដំណើរឈ្មោះ ជួប គឹមយឿន ភេទស្រី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិ. ឃុំជាមួយគ្នា ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ បានបុកគោយន្តបន្រ្ទៃដឹកឈើពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បើកបរម៉ូតូស្លាប់ភ្លាមៗ និងស្រ្តីរួមដំណើររងរបួសធ្ងន់ ។
របាយការណ៍ផ្នែកសណ្ដាប់ធ្នាប់ដដែលបន្តទៀតថា ម្ចាស់គោយន្ដកន្រ្តៃដឹកឈើបានរត់គេចខ្លួនបាត់ ជនរងរបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ស្រុកបាកាន សាកសពធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងគោយន្ដកន្រ្តៃផ្ទុកឈើ យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ រង់ចាំវាស់វែង និងដោះស្រាយជាក្រោយ៕ បុឹម ពិន