ខេត្តពោធិ៍សាត់៖ ក្មេងប្រុសជំទង់ម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ ខណៈគេអះអាងថា ហក់ពីលើរថយន្តដឹកថ្មកែវ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្ម នៅគ្រាដែលរថយន្តកំពុងឡើងចំណោតភ្នំហើយច្រាលលេខថយក្រោយ ។
ហេតុការណ៍គ្រោះថ្នាក់ហក់ពីលើរថយន្តដឹកថ្មកែវ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្មស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ តំបន់ព្រៃភ្នំត្រង់ចំណុចស្ទឹងតាសៃ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសន្រ្ទៃឃើញថា ក្មេងប្រុសជំទង់រងគ្រោះ (ស្លាប់)ឈ្មោះ សំ ប៊ុនលី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលខាងលើបន្តថា ក្មេងប្រុសជំទង់រងគ្រោះបានចេញដំណើរជាមួយឪពុកឈ្មោះ សំ ប៊ុនលៀង អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ក្នុងគោលបំណងទៅសុីឈ្មួលដឹកថ្មកែវឲ្យថៅកែម្នាក់ នៅពេលដឹកថ្មកែវត្រឡប់មកវិញ នៅគ្រាដែលរថយន្តកំពុងឡើងចំណោតភ្នំ រថយន្តបានច្រាលលេខ រអិលថយក្រោយបន្តិច សង្ស័យជនរងគ្រោះអាចភ័យ ក៏ហក់ពីលើរថយន្ត ក៏ដួលបោកក្បាលនឹងដុំថ្មស្លាប់មួយរំពេចយ៉ាងសង្វេគ ក៏បានធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោក សំ ប៊ុនលៀង ជាមួយឪពុកក្មេងរងគ្រោះ បានរាបរបប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនាយប់ថ្ងៃដដែល ខណៈកំពុងធ្វើបុណ្យសបឲ្យកូនប្រុសទាំងអួលដើមករថា រូបគាត់កំពុងបើកបរមិនបានមើលកូនគ្រប់ជ្រុងជ្រើយនោះទេ ខណៈរថយន្តកំពុងតែមានបញ្ហាបន្តិបន្ទួច ប៉ុន្តែកូនប្រុសទំនងគាត់ភ័យបានជាហក់ចេញ នៅពេលគាត់ប្រឹងបើកបររថយន្តឡើងដល់ខ្នងភ្នំចតស្រួលសួល ចុះរត់មកមើលកូនបានស្លាប់បាត់ទៅហើយ ក៏ទំលាក់ដុំថ្មកែវទាំងនោះដឹកសពកូនមកផ្ទះទាំងអាល័យ ៕ ប៉ឹម ពិន
រូបថតជនរងគ្រោះ កាលបួសជាសង្ឃ