ព័ត៌មានទាន់ហេតុការណ៍៖

ប្រច័ណ្ឌប្រពន្ធថា មានសាហាយ មកច្របាច់ករហូតស្លាប់ ខណៈកំពុងដេកដោយសារមានសារធាតុញៀនក្នុងខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់គិតថា ប្រពន្ធខ្លួនមានសាហាយ បានស្ទុះមកច្របាច់ក.ប្រពន្ធខ្លួនឯង រហូតដល់ស្លាប់ ខណៈកំពុងដេកជាមួយគ្នា ដោយសារតែជនសង្ស័យជាប្តីមានសារធាតុញៀនក្នុងខ្លួន ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ។ ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ណុចផ្ទះឪពុកជនរងគ្រោះឈ្មោះ ជូ កុសល្យ ស្ថិតក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ន ប៊ន ភេទប្រុស អាយុ២៧ឆ្នាំ ។ ចំណែកនារីរងគ្រោះឈ្មោះ សល្យ យ៉ាដា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ជនសង្ស័យ និងនារីរងគ្រោះ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យគឺជាមនុស្សប្រើប្រាស់គ្រឿង ។ នៅមុនពេលកើតហេតុ យប់ថ្ងៃទី៥ ខែឆ្នាំកើតហេតុ ជនសង្ស័យបានដេកជាមួយនារីរងគ្រោះជាប្រពន្ធ រួមជាមួយកូនស្រីអាយុ៤ឆ្នាំម្នាក់ផងដែរ នៅក្នុងបន្ទប់លើផ្ទះរបស់ឪពុកនារីរងគ្រោះ ។ លុះរហូតមកដល់វេលាម៉ោងប្រមាណ៤ទៀបភ្លឺ ចូលថ្ងៃទី៦ ខឺឆ្នាំដដែល ជនសង្សយ័ជាប្តីបានងើបពីដេកទៅបត់ជើងតូច ក្រោយពេលបត់ជើងហើយ ជនសង្ស័យបានចូលដេកវិញ បានបន្តិចក្រោយមក ជនសង្ស័យ ក៏ស្ទុះទៅច្របាច់ក ប្រពន្ធ ខណៈកំពុងដេក ភ្លាមនោះ ប្រពន្ធខំរើបម្រាស់ដែរ តែរើពុំរួចនោះទេ រហូតប្រពន្ធឈប់រើ ទើបលែង ហើយចុះមកដី យកម៉ូតូជិះចេញពីផ្ទះ ។

ក្រោយមក ក្រុមគ្រួសារនារីរងគ្រោះមានការងឿងឆ្ងល់ ក៏ឡើងទៅមើល ស្រាប់ឃើញកូនស្រីខ្លួនស្លាប់ ក៏ផ្អើលឆោឡោដល់ប្រពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលកោះរះដើម្បីពិនិត្យ ។

បន្ទាប់ពីនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរះទទួលបានព័ត៌មានខាលើ ភ្លាមនោះ ក៏រាយការណ៍បន្តដល់នគរបាលជំនាញស្រុក ធ្វើកោសល្យវិច្ច័យសាកសពនារីរងគ្រោះ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារឃាតកម្ម ។ បន្ទាប់ពីពិនិត្យ សមត្ថកិច្ចជំនាញកសាងសំណុំរឿង ស្រាវជ្រាវរហូតក្ដាប់មុខសញ្ញាជនសង្ស័យច្បាស់ ក៏ចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយខ្លួនបានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះជាប្រពន្ធប្រាកដមែន ដោយខ្លួនមានការប្រច័ណ្ឌ គិតថា ប្រពន្ធខ្លួនមានប្រុស សាហាយស្មន់ ៕ ស្អាងជ័យ


ចែករំលែក៖