ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ជាមុខសញ្ញាលួចទូកស្មាច់របស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ជាមុខសញ្ញាលួចទូកស្មាច់របស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើនេះ នាំគ្នាជិះទូករបស់ខ្លួនពីច្បាអំពៅ រាជធានីភ្នំពេញ សំដៅមកស្រុកលើកដែក រួចធ្វើសកម្មភាពលួចទូក តែពុំបានសម្រេច ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាម ស្ទាក់ចាប់ខ្លួនបានតែម្ដង ។ ករណីបានកើតឡើងនៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមាត់ទន្លេមេគង្គខាងជើងព្រែកត្បាញចំងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនចាប់ខ្លួនបានមានឈ្មោះ ស្លេ ម៉ាន អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ និងម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ពុំទាន់ស្គាល់ឈ្មោះ អាយុប្រហែលជាង៣០ឆ្នាំ ខ្មែរឥស្លាម ។ ជនសង្ស័យទាំង២នាក់ខាងលើនេះ មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជា រិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ជាម្ចាស់ទូកស្មាច់អត់ម៉ាស៊ីន) និងម្នាកក់ទៀតឈ្មោះ យោន រិន អាយុ៥៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (ជាម្ចាស់ម៉ាស៊ីនទូក) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិ/ឃុំកើតហេតុ ។ ដោយឡែកវត្ថុតាងដកហូតបានមានទូកឈើមួយគ្រឿងប្រវែង៥ម៉ែត្រទទឹង ១,២០ម៉ែត្រ និងម៉ាស៊ីន១គ្រឿង ពណ៌ក្រហម ម៉ាកហុងដា ជារបស់ជនសង្ស័យ ,ទូកស្មាច់ចំនួន១គ្រឿង ពណ៌ខៀវ បាតពណ៌ស មានប្រវែង៨,៥០ម៉ែត្រ ទទឹង០,៨០ម៉ែត្រ ,ម៉ាស៊ីនម៉ាកREKO ៨,៥ HP ពណ៌ស្លាទុំ ចំនួន១គ្រឿង ជារបស់ជនរងគ្រោះ ។

ប្រភពដដែលបន្ដថា កន្លងមកទូកស្មាច់របស់របស់ប្រជាពលរដ្ឋបានបាត់៣ទៅ៤គ្រឿងហើយ ដោយពុំដឹងអត្ដសញ្ញាណជនសង្ស័យឡើយ ។ លុះមកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៤០នាទី ស្រាប់តែសមត្ថកិច្ចប៉ុស្ដិ៍នគរបាល និងប្រជាពលរដ្ឋបានឃើញជនសង្ស័យទាំង២នាក់ខាងលើ ធ្វើសកម្មភាពលួចទូកស្មាច់របស់ប្រជាពលរដ្ឋ រួចបើកទូករត់គេច ភ្លាមនោះកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញតាម និងពួនស្ទាក់ រហូតចាប់ខ្លួនជនសង្ស័យបាន្មម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួន និងជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន បាននាំគ្នាជិះទូកឈើពីច្បារអំពៅ ឆ្ពោះមកស្រុកលើកដែក ដើម្បីធ្វើសកម្មភាពលួចទូកស្មាច់ លុះមកដល់កន្លែងកើតហេតុ ដំបូងខ្លួនលួចម៉ាស៊ីនទូករបស់ជនរងគ្រោះឈ្មោះ យោន រិន រួចហើយទៅលួចកាត់ខ្សែរទូកស្មាច់អត់ម៉ាស៊ីន របស់ជនរងគ្រោះឈ្មោះ ជា រិន មួយទៀត បន្ទាប់មកយកទូកស្មាច់នោះចងអែបទូកឈើរបស់ខ្លួន រួចបើកសំដៅចេញទៅខាងកោះកន្ធាយ ក្រោយមកខ្លួន ក៏យកម៉ាស៊ីនចេញពីទូកឈើរបស់ខ្លួន មកដាក់លើទូកស្មាច់វិញ ហើយបណ្ដែតទូកឈើរបស់ខ្លួនចោល រួចបើកទូកស្មាច់រត់សំដៅឡើងមកលើវិញ តែ ក៏ត្រូវជនរងគ្រោះម្ចាស់ទូក រួមនឹងអ្នកជិតខាងព្រមទាំងសមត្ថកិច្ច ចេញទូកដេញតាមចាប់ខ្លួនបានតែម្ដង ។ តាមចម្លើយរបស់ជនសង្ស័យបានបន្ដថា ជនសង្ស័យលួចទូកខាងលើនេះ គឺយកទៅលក់បន្ដដើម្បីយកប្រាក់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការបន្ដ ៕ ស្អាងជ័យ


ចែករំលែក៖