ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ ត្រូវនគរបាលស្រុកល្វាឯម ចាប់ខ្លួន និងដកហូតថ្នាំញៀន៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកល្វាឯម ចាប់ខ្លួនជនសង្ស័យជាមុខជូញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ និងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ។ ករណីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះឈ្មោះ ង៉ូវ អេង ស្ថិតនៅភូមិបឹងគ្រុំលើ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ភឿក ឃ្និ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតមីនហៅម៉ាទឹកកកចំនួន៧កញ្ចប់មធ្យម និងម៉ូតូមួយគ្រឿងផងដែរ ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានឃុំបឹងគ្រុំ ស្រុកល្វាឯម ដែលសមត្ថកិច្ចជំនាញតាមដានជាយូរមកហើយ លុះមកដល់ថ្ងៃកើតហេតុ កម្លាំងនគរបាលបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកឃ្លាំង និងបឹងគ្រុំ តាមដាន ពួនស្ទាក់ ឃ្លាំមើល ក៏ស្រាប់តែឃើញមុខសញ្ញាជនសង្ស័យបានជិះម៉ូតូចូលផ្ទះកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាល ក៏ឃាត់ខ្លួន រួចត្រួតពិនិត្យបានរកឃើញថ្នាំញៀនចំនួន៧កញ្ចប់មធ្យម ឈានដល់ចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ ភឿក ឃ្និ បានសារភាពថា ថ្នាំញៀន៧កញ្ចប់នេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានយកមកពីជនម្នាក់នៅឃុំបន្ទាយដែក ស្រុក កៀនស្វាយ ក្នុងគោលបំណងយកទៅឲ្យ ជនម្នាក់ទៀតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម តែត្រូវនគរបាលចាប់ខ្លួនតែម្ដង ៕ ស្អាងជ័យ

 

 


ចែករំលែក៖