ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ តែអាចមានកន្លែងខ្លះភ្លៀងច្រើន ពោលគឺការធ្លាក់រាយប៉ាយមិនទាន់ល្អប្រសើរនៅឡើយ ។ ចំពោះបាតុ ភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តគំរាមកំមហែងមនុស្សសត្វដដែល ។
នេះបើយោងតាមក្រុមអ្នកព្យាករនៃក្រសួងធនធានទឹក ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដែលបានរកឃើញថា កម្ពុជានៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា ។ ក្នុងនោះជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងចលនាខ្យល់បានផ្លាស់ប្តូរទិសមករកភាពវិជ្ជមាន ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចំពោះសីតុណ្ហភាពអតិបរិមាជាមធ្យម មានពី ៣៤-៣៧អង្សាសេ ។ មកដល់ពេលនេះ កាន់តែបង្ហាញឲ្យឃើញថា រដូវវស្សានឹងឈានចូលមកដល់ដើមសប្តាហ៍ទី៣ នៃខែឧសភាខាងមុខនេះ ៕