ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទឹកដោះគោឌុយម៉ិចឌុយហ្គ្រូ សង្កត់មនុស្សរបួសម្នាក់នៅផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ៖ ភ្លៀងផង ខ្យល់ផង ធ្វើឲ្យផ្ទាំងប៉ាណូដ៏ធំមួយផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទឹកដោះគោឌុយម៉ិចឌុយហ្គ្រូ ត្រូវបានខ្យល់កន្ត្រាក់ វាយប្រហារ ធ្លាក់ពីលើសសរទាំង២ មកកាត់ទទឹងផ្លូវជាតិលេខ៥ បណ្តាលឲ្យសង្កត់លើម៉ូតូមួយគ្រឿង ធ្វើឲ្យអ្នកបើកបរម្នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។

ហេតុការណ៍ភ្លៀងខ្យល់នេះ បានកើតឡើង​កាលពីម៉ោង ៤៖០៦ នាទីល្ងាច ថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវភ្លោះ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច បានប្រាប់ឲ្យ​ដឹងថា ផ្ទាំងប៉ាណូខាងលើ ជារបស់ក្រុមហ៊ុនមួយ ដែលជាផ្ទាំងប៉ាណូ ដ៏ធំមួយ កាត់ទទឹងផ្លូវជាតិលេខ៥ មានប្រវែង៥ម៉ែត្រគុណនឹង១០ម៉ែត្រជាង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបាន ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Moov ពាក់ស្លាកលេខភ្នំពេញ 1FM-8539 ធ្វើដំណើរតាមផ្លូវ ជាតិលេខ៥ពីត្បូងទៅជើង ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទាំងប៉ាណូដ៏ ធំខាងលើនេះ ធ្លាក់មកសង្កត់លើពីកាត់ទទឹងថ្នល់បិទផ្លូវជាតិលេខ៥ បង្កឲ្យមានការកកស្ទះ ចរាចរតែម្តង ។

ក្រោយកើតហេតុ​ អាជ្ញាធរខណ្ឌឫស្សីកែវ មានទាំងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រួមទាំងលោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបានចុះ​មក​សម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការ កកស្ទះ និងរកវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕ អារុណរះ


ចែករំលែក៖