ព័ត៌មានទាន់ហេតុការណ៍៖

បង្គោលខ្សែភ្លើងមេ ទុស្សេដាច់ខ្សែធ្លាក់លើរថយន្តចតពីក្រោមបណ្តាលឲ្យឆក់ម្នាក់ ដែលកំពុងដេកក្នុងនោះស្លាប់ភ្លាម

ចែករំលែក៖

ខេត្តរតនគីរី៖ បុរសជាអ្នកបើកបររថយន្តធំដឹកដំឡូងមីម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ដោយសាដេកនៅក្នុងកាប៊ិនរថយន្តធំនោះហើយត្រូវខ្សែភ្លើងមេធំទុស្សេដាច់ធ្លាក់មកទើលើក្បាលរថយន្ត ដែលចតនៅពីក្រោមនោះ បណ្តាលឲ្យឆ្លងចរន្ត ឆក់តែម្តង ខណៈដែលកំពុងដេកលង់លក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំង ទិញដំឡូងមីក្រៀម ស្ថិតក្នុងភូមិ១(ហៅភូមិតាស៊ុយ) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថូ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ មុខរបរ ជាអ្នកបើកបររថយន្តធំដឹកដំឡូងមី ។

តាមប្រភពថា បានបន្តមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានដេកនៅក្នុងកាប៊ីនរថយន្តធំដែល ចតក្បែរឃ្លាំងដំឡូងមី ចំពីក្រោមខ្សែភ្លើងមេ ហើយស្រាប់តែខ្សែភ្លើងមេធំៗចំនួនបីខ្សែ នៅលើបង្គោលនោះ ទុស្សេឆេះរួចដាច់ធ្លាក់មកទើលើរថយន្ត ដែលជនរងគ្រោះដេកនោះ បណ្ដាលឲ្យ ឆក់ស្លាប់តែម្ដង ។

បន្ទាប់ពីកើតហេតុ លោកនាយប៉ុស្តិ៍សង្កាត់កាចាញទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្ត និងរាយការណ៍ទៅក្រុមហ៊ុនអគ្គិសនីផងដែរ ដើម្បីជួយសង្គ្រោះ តែទោះជាយ៉ាងណា នៅតែមិនអាចសង្គ្រោះបានឡើយ ។

ក្រោយកើតហេតុសាកសពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវន្ត័


ចែករំលែក៖