ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយជាស្បៀងអាហារ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋនៅស្រុកបារាយ បន្ទាប់ពីមានធ្លាក់ភ្លៀងមួយមេ ធ្វើឲ្យពលរដ្ឋរីករាយត្រេកអរ ត្រជាក់កាយ សប្បាយចិត្ត ប៉ុន្តែជាមួយគ្នានោះ ភ្លៀងធ្លាក់ ក៏បានលាយឡំជាមួយខ្យល់កន្ត្រាក់ ស្ទើរគ្រប់កន្លែង ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ពេលនោះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ៨០គ្រួសារ ទទួលរងផលប៉ះពាល់ដោយប៉ើងតំបូល និងរលំផ្ទះ ក៏ដូចជាវត្តអារ៉ាម និងផលដំណាំនានា ត្រូវបាក់ និងរំលើងឫសខ្ទេចខ្ទី និងបណ្តាលឲ្យរងរបួសដល់មនុស្សចំនួន ៣នាក់ដែរ ។
ដើម្បីឆ្លើយតបនូវតម្រូវការរបស់ពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយជាស្បៀងអាហារ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋនៅស្រុកបារាយ ចំនួន៨០គ្រួសារ និងបីគ្រួសារ រងរបួស រងគ្រោះមហន្តរាយធម្មជាតិនេះ ក្នុងការឆ្លើយតបទៅ និងពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា “ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នា ស្មើៗគ្នា ដោយមិនរើសអើងនោះឡើយ” ដោយឡែកគ្រួសាររងគ្រោះ ដទៃទៀត សាខាកាកបាទក្រហមខេត្ត និងចុះចែកជាបន្តបន្ទាប់ឲ្យបានដល់ដៃគ្រប់ៗគ្នា ។
លោក សុខ លូ អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ។
លោកបានលើកឡើងថា អំណោយទាំងអស់នេះ វាតិចតួច តែជួយសម្រួលនូវតម្រូវការចាំបាច់របស់បងប្អូនបានមួយគ្រាដែរ ជាមួយគ្នានោះ លោក ក៏បានផ្តាំផ្ញើ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុត ពិសេសថែរក្សាសុខភាព ដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមគោរពច្បាប់ចរាចរ និងចៀសឆ្ងាយពីគ្រឿងញៀន ។ អំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារមាន អង្ករ៣០គីឡូ, មី១កេស, ត្រីខ ផ្ទះរលំបានកន្ទេល១ តង់១ និងឆ្នាំង២ ៕ ប៊ុនរិទ្ធី