ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាបើកមិនប្រកាន់ស្ដាំ បុកជាមួយម៉ូតូស៊ុយហ្ស៊ូគីនិច ពេញមួយទំហឹង បណ្ដាលឲ្យនារីម្នាក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីជាអ្នកបើកបរម៉ូតូហុងដាឌ្រីមម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកបរម៉ូតូមិនប្រកាន់ស្ដាំរេចង្កូត មកឆ្វេងបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយហ្ស៊ូគីនិច ពេញមួយទំហឹង នៅលើកំណាត់ផ្លូវលេខ ៧០A ស្ថិតក្នុងភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល នៅវេលាម៉ោង១៨ និង៥៦នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា នារីរងគ្រោះស្លាប់ឈ្មោះ អ៊ុត សុកញ្ញា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1X-5322 ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់មាន២នាក់ ទី១-ឈ្មោះ ឃឿន វាសនា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1S-5333 និងទី២-ឈ្មោះ ចែម តូនី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញនារីរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រីម តាមបណ្ដោយផ្លូវលេខ៧០អា ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅឆ្វេង ស្របពេលជាមួយគ្នានោះក៏មានម៉ូតូមួយគ្រឿងទៀតស៊ុយហ្ស៊ូគីនិច ជិះគ្នា២នាក់ ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូស៊ុយហ្ស៊ូគីនិច ទទួលរងរបួសធ្ងន់ទាំង២នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញបានចុះអន្ដរាគមន៍ ហៅរថយន្ដសាមុយដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកឯសាកសពនារីរងគ្រោះ និងមធ្យោបាយពាក់ព័ន្ធ ត្រូវបាននគរបាលជំនាញវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពនារីគ្រោះត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះគឺបណ្ដាលមកពីនារីរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម បើកមិនប្រកាន់ស្ដាំ ៕ ស្អាងជ័យ


ចែករំលែក៖