ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់បានស្លាប់ក្រោយជិះម៉ូតូបុកខឿនផ្លូវ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុចជិតរង្វង់មូលសណ្ឋាគារ ៧ជាន់ចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក HONDA AREBLADE ពណ៌ ក្រហម-ខ្មៅ គ្មានស្លាក លេខ បើកបរដោយឈ្មោះ LI YOUPAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន (មិនទាន់ស្គាល់លិខិតឆ្លងដែនកំពុងស្រាវជ្រាវរក) មានទិសដៅពី ខាងលិច ឆ្ពោះទៅ ទិសខាងកើត ប៉ុន្តែលុះដល់ចំណុចកើតហេតុខាងលើ ម៉ូតូ ក៏បានបុកខឿនពុះចែកផ្លូវ បណ្ដាលឲ្យផ្លោង មនុស្សទៅលើសួន និងម៉ូតូខ្ទាតទៅខាងស្តាំដៃ បណ្ដាលឲ្យបុរសជនជាតិចិនរូបនេះស្លាប់ នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកយកសាកសពទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯវត្ថុតាង ម៉ូតូ១គ្រឿង ត្រូវសមត្ថកិច្ចបាននាំយក ទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ឆ្លាម សមុទ្រ