ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្មាស់រេវ៉ូបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកម៉ូតូបោះពួយយ៉ាងលឿនជ្រុល ទៅបុកកង់បីឥណ្ឌាចំពីមុខពេញទំហឹង បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លូនរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយយកទៅមន្ទីរពេទ្យភ្លាមៗ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅត្រុង់ចំណុចមុខហាងនំហាវ៉ៃ តាមបណ្តោយសម្ដេចមុនីរ៉េត ផ្លូវ២១៧ កែងផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទូលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់វ័យជាង៥០ឆ្នាំបានបើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1HT-4440 ខណៈឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចបានពាក់កណ្ដាលផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាក់រេវ៉ូ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ រ6288-ភព1បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បួងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកនិងកង់បីឥណ្ឌា ចំពីចំហៀងផ្នែកខាងមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូដួលបោកក្បាលទៅនឹងផ្លូវហូរឈាមពេញខ្លួន រងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យឯកជនដើម្បីសង្គ្រោះជីវិត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែងរួចយកម៉ូតូរួមទាំងកង់បីឥណ្ឌា អែបខាងដើម្បីកុំឲ្យកក់ស្ទះចរាចរណ៍ប្រជាពលរដ្ឋកំពុងធ្វើដំណើរ ហើយបន្តយកម៉ូតូ និងកង់បីឥណ្ឌានេះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលណ្ឌចំការមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖