ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងណេត យីហោ PH បង្កប់ល្បែងភ្នាល់កំពុងបើកលេងយ៉ាងគក្រឹកគគ្រេងក្នុងសង្កាត់បឹងត្របែក

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងណែតបង្កប់ល្បែងភ្នាល់បាល់ និងកន្ទុយលេខ រួមទាំងជល់មាន់ និងបៀបាការ៉ាត់ តាមអនឡាញ ចំនួន ២កន្លែងដែលមានយីហោ PH នៅចំណុចទល់មុខផ្ទះម្លប់ដើមជ្រៃក្រឹម បើកលេងយូរណាស់មកហើយ និងមួយកន្លែងទៀតជ្រកក្រោមស្លាកយីហោ XB 88 Cafe កំពុងបើកលេងយ៉ាងគក្រឹកគគ្រេងក្នុងមូលដ្ឋានដែលខុសនឹងបទបញ្ជារបស់អាជ្ញាធររាជធានី ដែលបានដាក់បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវតែបង្ក្រាបឲ្យអស់ពីមូលដ្ឋានបែរជាបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងនេះកំពុងបើកលេងយ៉ាងសេរីមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចខាងមួយណាហ៊ានចុះទៅបង្ក្រាបឡើយ។

សូមបញ្ជាក់ថា ទីតាំងណេតបង្កប់ល្បែងភ្នាល់បាល់ជល់មាន់តាមអនឡាញ និងកន្ទុយលេខមួយកន្លែងទៀតនៅទល់មុខគ្នាជ្រកក្រោមស្លាកយីហោ XB 88 Cafe ខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ ភូមិ ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា៖ ទីតាំងខាងលើនេះតាំងពីបើកអាជីវកម្មមកមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបនោះទេ អ្នកខ្លះទៀតលេងចាញ់លុយអស់ពីខ្លួនរាប់រយ រហូតដល់ប្រាក់ពាន់ដុល្លារ ក៍មានដែរ ទាំងដែលលោកអភិបាលរាជធានីភ្នំពេញ លោកស្នងការរាជធានីភ្នំពេញ ក៏ដូចជាសម្តេចក្រឡាហោមសខេង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្ក្រាបបទល្មើសល្បែងស៊ីសងឲ្យអស់ពីមូលដ្ឋាន តែបែរជាក្នុងភូមិសាស្ត្រសង្កាត់បឹងត្របែក មានទីតាំងល្បែងដូច្នេះ សូមអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកថេង សុថុល អភិបាលខណ្ឌចំការមន ទើបឡើងថ្មីមេត្តាជួយចុះពិនិត្យមើលជាក់ស្តែង និងបង្ក្រាបផង ដើម្បីឲ្យភូមិសង្កាត់មានសុវត្ថិភាពស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល កុំបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងក្នុងមូលដ្ឋានយ៉ាងសេរីបែបនេះ៕ ហេង នរិន្ទ្រ


ចែករំលែក៖