ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប្រីត បើកបុករថយន្តយីឌុប ពីក្រោយខូចខាតខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តលឿនមិនប្រយ័ត្នជ្រុលបុករថយន្តយីឌុប ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចខាងត្បូងស្តុបបូកគោ​ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តយីឌុបមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីត​ ពណ៌ត្រីឆ្លូវ​ ពាក់ស្លាកលេខភ្នំពេញ​ 2U 2727 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តយីឌុបពេញទំហឹងបណ្តាលឲ្យរងការខូចខាតខ្លួនឯងចំណែករថយន្តយីឌុបមិនខូចខាត ក៏បន្តដំណើរទៅមុខបាត់ ។

ក្រោយពេលកើតហេតុដោយសារតែមិនមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ និងអ្នកដទៃ ក៏សមត្ថកិច្ចប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង ៕ សុខាសែនជ័យ​


ចែករំលែក៖