ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្តេជ្ញាតប់ត មិនរាថយឡើយ ដើម្បីប្រយោជន៍ជាតិ ប្រសិនបើអាមេរិកដំឡើងពន្ធ២៥ភាគរយ ដល់ទំនិញចិន

ចែករំលែក៖

សង្គ្រាមពាណិជ្ជកម្ម និងការប្រឈមមុខ វិបត្តិសេដ្ឋកិច្ចសកល កំពុងតែខិតជិត ខណៈដែលកិច្ចពិភាក្សារវាង ចិននឹងអាមេរិក កំពុងតែធ្វើឡើងយ៉ាងសកម្ម នៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០១៩ ហើយបើកិច្ចពិភាក្សាមិនទទួលបានជោគជ័យនោះ ។ នៅវេលាម៉ោង១២យប់ ថ្ងៃទី១០ ខែឧសភា អាមេរិក នឹងដំឡើងពន្ធ ពី១០-២៥ភាគរយដល់ទំនិញនាំចូលពីចិន ក្នុងតម្លៃ ជាង២០០ពាន់លានដុល្លារអាមេរិក ។

គេហទំព័រ ពាណិជ្ជកម្មរបស់ចិនបានផ្សាយថា វិវាទពាណិជ្ជកម្មឈានដល់សង្គ្រាមនោះ នឹងមិននាំមកនូវផលប្រយោជន៍អ្វីដល់ប្រទេសទាំងពីរនោះឡើយ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បង្ហាញការសោកស្តាយយ៉ាងខ្លាំងសកម្មភាព ដំឡើងពន្ធរបស់រដ្ឋាភិបាលដូណាល់ ត្រាំ ។ ទីក្រុងប៉េកាំងនឹងចាត់វិធានការតប់តវិញ ឲ្យបានសមស្របបំផុត ។

នៅពេលនេះដែរ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម មិនអាចបញ្ចៀសបានឡើយ ប្រសិនបើលោក ត្រាំ ដំឡើងពន្ធ ទំនិញចិននោះ ។ កន្លងមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ចិនបានបំពាន លើកិច្ចព្រមព្រៀង អំឡុងកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ជាហេតុធ្វើឲ្យមានជម្លោះ មុនកិច្ចចរចារវាងភាគីទាំង២ ។

សេចក្តីអធិប្បាយបែបនេះ បានកើតមានឡើង ខណៈដែលទីក្រុងប៉េកាំង បាននិយាយថា ខ្លួននឹងសងសឹកជាមួយនឹងវិធានការប្រឆាំងចាំបាច់ជាច្រើន បើសិនជាសហរដ្ឋអាមេរិក ហ៊ានដំឡើងតម្លៃពន្ធលើផលិតផលរបស់ចិន ។

លោកត្រាំ បានសន្យាថា នឹងដំឡើងតម្លៃពន្ធច្រើនជាងទ្វេដង លើទំនិញចិនទំហំទឹកប្រាក់២០០ពាន់លានដុល្លារនាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ។

ថ្វីត្បិតតែមានការគំរាមកំហែងក៏ដោយ ភាគីទាំង២គ្រោងចូលរូមពិភាក្សាស្តីពីពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកផងដែរ ។

នៅមុនកិច្ចពិភាក្សា លោកត្រាំ បានចោទប្រកាន់ក្រុមមេដឹកនាំចិនថា បានបំពានលើកិច្ចព្រមព្រៀង ដែលសហរដ្ឋអាមេរិកកំពុងចរចាលើបញ្ហាសង្រ្គាមពាណិជ្ជកម្ម ។

លោកត្រាំ បាននិយាយប្រាប់ក្រុមអ្នកគាំទ្រអំឡុងការ ជួបជុំគ្នានៅរដ្ឋផ្ល័ររីដា ថា “ពួកគេបានបំពានលើកិច្ចព្រមព្រៀង ពួកគេមិនអាចធ្វើបែបនោះបានទេ ។ ហេតុដូច្នេះហើយ ពួកគេត្រូវតែសងទាំងអស់” ។

លោកត្រាំ បាននិយាយថា បើសិនជាភាគីទាំង២ មិនអាចបង្កើតកិច្ចព្រមព្រៀងណាមួយទេនោះ វាមិនខុសនោះទេ ជាមួយនឹងការយកលុយជាង១០០ពាន់លានដុល្លារក្នុង១ឆ្នាំ ។

គួរឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ភាគីទាំង២ ស្ទើរតែជិតឈានដល់កិច្ចព្រមព្រៀងទៅហើយ ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មរបស់ពួកគេ ។

ប៉ុន្តែកាលពីថ្ងៃអាទិត្យ លោកត្រាំ បាននិយាយតាម Twitter ថា សហរដ្ឋអាមេរិក នឹងដំឡើងតម្លៃពន្ធលើទំនិញចិន២០០ពាន់លានដុល្លារក្នុងសប្តាហ៍នេះ ហើយនិងអាចអនុវត្តនការការដំឡើងតម្លៃពន្ធថ្មីបន្ថែមទៀត ។

ដោយឡែក អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោករ៉ូប៊ើត ឡាយធីហ្ស៊ឺ បានចោទប្រកាន់ថា ចិនបានងាកមកដើរតាមផ្លូវចាស់លើការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងកិច្ចប្រជុំស្តីពីបញ្ហាពាណិជ្ជកម្ម ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយយ៉ាងទទួចថា កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង អាចនឹងមានលទ្ធភាពកើតឡើងនៅឡើយទេ ។

សូមបញ្ជាក់ថា ការដំឡើងពន្ធ គឺជាពន្ធដែលត្រូវបង់ដោយក្រុមហ៊ុននាំចូលលើទំនិញបរទេស ហេតុដូច្នេះហើយការដំឡើងពន្ធ២៥ភាគរយ ដាក់ជូនដោយសហរដ្ឋអាមេរិក មកលើទំនិញចិន នឹងត្រូវបង់ជូនដោយក្រុមហ៊ុនអាមេរិកផ្ទាល់ ប៉ុន្តែវានឹងប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនចិនដែលរកស៊ីជាមួយពួកគេផងដែរ ។

ការកើនឡើងនៃសង្រ្គាមពាណិជ្ជកម្មនេះដែរ បានធ្វើឲ្យកើតមានរលកនៃភាពរំជើបរំជួលនៅទូទាំងផ្សារហិរញ្ញវត្ថុ ។

ផ្សារភាគហ៊ុន Hang Seng បានធ្លាក់ចុះ១.២ភាគរយ ហើយផ្សារភាគហ៊ុន Shanghai Composite បានធ្លាក់ចុះ០.៨ភាគរយផងដែរនៅថ្ងៃព្រហស្បត្តិ៍នេះ ។

លោកឡាយធីហ្ស៊ឺ បានចេញផ្សាយនូវកំណត់ហេតុផ្លូវការមួយកាលពីថ្ងៃពុធថា អត្រាបង់ពន្ធលើការនាំចូលសម្ភារអេឡិចត្រូនិក គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត និងគ្រឿងសង្ហារឹមផ្សេងៗទៀតដែលផលិតនៅក្នុងប្រទេសចិន នឹងកើតឡើង២៥ភាគរយនៅថ្ងៃសុក្រនេះ ។

តម្លៃពន្ធលើទំនិញចិនទំហំទឹកប្រាក់២០០ពាន់លានដុល្លារ កើនឡើងពី១០ភាគរយដល់២៥ភាគរយកាល គ្រោងនឹងកើតមានឡើងតាំងពីដើមឆ្នាំនេះមកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យាពេលវិញ ខណៈពេលដែលកិច្ចចរចាមានការរីកចម្រើនទៅមុខ ។

បើសិនជាការដំឡើងតម្លៃពន្ធនេះកើតឡើងមែននោះទេ ចិនបានអះអាងថា ពួកគេនឹងសងសឹកវិញក្នុងទំហំទឹកប្រាក់តែមួយ ។

ប៉ុន្តែលោកត្រាំ បាននិយាយរួចហើយថា សហរដ្ឋអាមេរិកនឹងដំឡើងតម្លៃពន្ធលើទំនិញចិនទំហំទឹកប្រាក់៣២៥ពាន់លានដុល្លារភ្លាមៗ បើសិនជាទីក្រុងប៉េកាំងហ៊ានសងសឹកពួកគេនោះ ៕


ចែករំលែក៖