ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ មិនរារាំងកូរ៉េខាងត្បូង ផ្តល់ជំនួយស្បៀងអាហារដល់កូរ៉េខាងជើងឡើយ

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក នឹងកូរ៉េខាងត្បូង នាពេលកន្លងមកថ្មីៗ បង្ហាញឲ្យឃើញថា លោក ត្រាំ បានយល់ព្រម គាំទ្រការផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ។

មន្ត្រីកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគាំទ្រដល់គម្រោងផ្តល់ជំនួយស្បៀងអាហារដល់កូរ៉េខាងជើង ក្នុងពេលដែលប្រទេសនេះ ប្រឈមនឹងគ្រោះអត់ឃ្លាន ដោយសារតែ ការប្រមូលផលកសិកម្មធ្លាក់ចុះ ។

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមឲ្យផ្តល់ជំនួយ នៅក្នុងជំនួបពិភាក្សាដោយផ្ទាល់តាមទូរស័ព្ទ ជាមួយមេដឹកនាំ ម៉ូន ជេអ៊ីន រយៈពេល៣៥នាទី ។ សកម្មភាពខាងលើ គឺដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាជាថ្មីឡើងវិញ ស្តីពីកម្មវិធីបរមាណូ ។

នៅពេលនេះដែរ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិក នឹងមិនរារាំង ប្រសិនបើកូរ៉េខាងត្បូង សម្រេចផ្តល់ជំនួយ ស្បៀងអាហារ ដល់កូរ៉េខាងជើង ។ លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានសម្តែងនូវការគាំទ្រ ចំពោះជំនួយមនុស្សធម៌ របស់កូរ៉េខាងត្បូង ចំពោះកូរ៉េខាងជើង ជួយដល់ពលរដ្ឋរួចផុតពីភាពក្រីក្រ ។

លោកស្រី Sarah Sanders បានប្រាប់ក្រុម អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា តើលោក ត្រាំ នឹងធ្វើទៅតាមផែនការ បើទោះបីជាការបាញ់គ្រាប់មីស៊ីល រយៈចម្ងាយខ្លី របស់កូរ៉េខាងជើង កាលពីសប្តាហ៍មុនក៏ដោយ ។ លោកស្រី Sanders បានបន្ថែមថា «ជំហររបស់យើងទាក់ទង នឹងប្រទេសកូរ៉េខាងជើង នឹងបន្តជាយុទ្ធនាការ ដាក់សម្ពាធអតិបរិមា ការផ្តោតអារម្មណ៍ របស់យើង គឺឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊ែរ» ។

ដោយសារតែទិន្នផលកសិកម្មធ្លាក់ចុះ ពលរដ្ឋកូរ៉េខាងជើង ១០លាននាក់ប្រឈមនឹងកង្វះស្បៀងអាហារ ។

អង្គការសហប្រជាជាតិ ពេលថ្មីៗនេះ បានប្រកាសឲ្យឃើញថា មានពលរដ្ឋ ជាង៤០ភាគរយ ត្រូវការជំនួយ ស្បៀងអាហារជាបន្ទាន់ ក្រោយពេលប្រទេសនេះ ឆ្លងកាត់ការប្រមូលផលកសិកម្ម ដោយមិនទទួលបានទិន្នផលខ្ពស់ដូចការរំពឹងទុក។

ការធ្លាក់ចុះធ្វើឲ្យកូរ៉េខាងជើង បាត់បង់ទិន្នផល កសិកម្ម ដល់ទៅ១,៣៦លានតោន ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងជើង ប្រកាសកាត់បន្ថយការ ហូបសម្រាប់ពលរដ្ឋម្នាក់ ។

អង្គការសហប្រជាជាតិបានប្រកាសថា «ស្ថានភាព នៅក្នុងប្រទេសកូរ៉េខាងជើង កាន់តែអាក្រក់ទៅ ក្នុងអំឡុងខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ»។

កាលពីឆ្នាំ១៩៩០ កូរ៉េខាងជើងធ្លាប់ជួបគ្រោះទុរភិក្ស បណ្តាលឲ្យពលរដ្ឋ៣លាននាក់ស្លាប់ ។ តាំងពីពេលនោះមក ពលរដ្ឋកូរ៉េខាងជើង ដឹងពីវិធីទប់ស្កាត់គ្រោះអត់ឃ្លាន ធានាដល់ស្បៀងអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវិតរស់នៅ តាមរយៈកាត់បន្ថយការហូប អាហារ ៕


ចែករំលែក៖