ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមានការព្រួយបារម្ភពីបញ្ហា ចោរលួច ចោរឆក់ខ្លាំង នៅទឹកដីប៉ុស្តិ៍ស្ទឹងមានជ័យទី២

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ថា ពួកគេមានការព្រួយបារម្ភអំពីបញ្ហា ចោរលួច ឆក់ខ្លាំងបំផុតនៅក្នុងមូលដ្ឋាន ហើយសមត្ថកិច្ចមិនដែលបង្ក្រាបបានភ្លាមៗនោះទេ ។

ជាក់ស្តែងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិតំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាក ស្កុបពី ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1FJ-6937 ពីជនរងគ្រោះឈ្មោះ លី ដារ៉ូ ភេទប្រុស ជាអ្នកលក់ថ្នាំពេទ្យ យកទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី២នោះទេ ។

ពលរដ្ឋបានឲ្យដឹងទៀតថាមួយរយៈនេះ ក្តីបារម្ភរបស់ពួកគេនោះគឺជាបញ្ហា ចោរលួចនិងចោរឆក់ខ្លាំងណាស់ ដូច្នេះពួកគាត់សំណូមឲ្យសមត្ថកិច្ច ធ្វើការល្បាតក្នុងមូលដ្ឋានឲ្យបានញឹកញយ កុំតែល្បាតតែមួយភ្លែត ព្រលប់មិនទាន់ចូលប៉ុស្តិ៍វិញនោះ ។ ជាពិសេសសូមឲ្យលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យជួយជំរុញដល់មន្រ្តីនិងលោកនាយប៉ុស្តិ៍ស្ទឹងមានជ័យទី២ យកចិត្តទុកដាក់ចំពោះករណី ចោរលួច ឆក់ ដែលកំពុងកើតមានយ៉ាងសកម្មបែបនេះទៀត ដើម្បីកុំឲ្យពលរដ្ឋអស់សង្ឃឹមចំពោះសមត្ថកិច្ច ៕ស រស្មី


ចែករំលែក៖