ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ស្លាប់យុវជនម្នាក់ ពេលលកំពុងនិយាយទូរស័ព្ទ និង២នាក់ផ្សេងទៀតរងរបួសនៅ ស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ ពេលកំពុងនិយាយទូរស័ព្ទ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់រហូតដល់សន្លប់ បន្ទាប់ពីរន្ទះបាញ់ត្រូវ ក្នុងពេលបើកទូរស័ព្ទនិយាយ និងកំពុងច្រូតស្រូវ ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចត្នោតគម ក្នុង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះមាស សារុន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅ ភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។

ចំពោះអ្នករងរបួស២នាក់ផ្សេងទៀតមិនទាន់ស្គាល់ឈ្មោះនៅឡើយនោះទេ ប៉ុន្តែជនរងគ្រោះទាំង៣នាក់នេះ រស់នៅក្នុង ភូមិ ឃុំជាមួយគ្នា ។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បាននាំគ្នាច្រូតស្រូវប្រាំង នៅចំណុចកើតហេតុ នៅពេល ដែលមេឃកំពុងភ្លៀងខ្លាំង​នោះ ជនរងគ្រោះឈ្មោះ មាស សារុន បានខលទូរស័ព្ទទៅ ហៅមិត្តភក្តិ ពេល ដែលកំពុងខលទូរស័ព្ទ ក៏ត្រូវរន្ទះបាញ់ចំយុវជននេះតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកជនរងគ្រោះពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់រហូតដល់សន្លប់ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ចន្ថា


ចែករំលែក៖