ខេត្តព្រះសីហនុ៖ កូនក្រែងឈាម ដែលត្រូវបានច្បាប់ជលផល បានហាមឃាត់ នាដើមខែឧសភានេះ បាន ចាប់ផ្តើមនាំចេញយ៉ាងគគ្រឹកគគ្រេង នាពេលយប់ ចន្លោះពី២តោនទៅ៥តោន ក្នុងមួយយប់ ស្របពេល មន្ត្រីជលផលឆ្លើយថា ពុំបានដឹងរឿងនេះទេ ពេលសកម្មភាពរែងកូនក្រែងឈាម និងទីតាំងប្រមូលទិញ កូនក្រែង នៅមិនឆ្ងាយពីសង្កាត់រដ្ឋបាលជលផលកោះខ្យង ដែលមានមន្ត្រីប្រចាំការតំបន់នោះជាប្រចាំ ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ឯម ភា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម បានបញ្ជាក់ថា ជុំវិញការនេសាទកូនក្រែងឈាមនេះ លោកពុំបានដឹងទេ ទើបតែទទួលព័ត៌មាននៅថ្ងៃទី០៩ ឧសភានេះតែប៉ុណ្ណោះ ហើយ លោកបានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមចុះធ្វើការ ស្រាវជ្រាវ និង បង្ក្រាប ឲ្យខាងតែបាន ។ ប៉ុន្តែ សម្រាប់ខែឧសភានេះ កូនក្រែង ពុំបានកើតច្រើន ដូចក្នុងកំឡុង ខែសីហារហូតខែវិច្ឆិកា នោះទេ ។
បើទោះបីជាមានការឆ្លើយបំភ្លឺបែបណាក្តី ក្រុមប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទជាច្រើនបានបង្ហាញទស្សនៈថា ខណៈរដូវកូនក្រែងឈានមកដល់នាកំឡុង ដើមខែឧសភានេះ នៅតំបន់កោះខ្យងស្ថិតក្នុងភូមិសាស្ត្រ ឃុំអូជ្រៅស្រុកព្រៃនប់ខេត្តព្រះសីហនុ គេសង្កេតឃើញប្រជានេសាទមួយចំនួនបានងាក់មកនេសាទអូសកូនក្រែងឈាមយ៉ាង អនាធីបតេយ្យ មកលក់ឲ្យថៅកែធំម្នាក់ឈ្មោះ ចែ នី ក្នុងតម្លៃខ្ពស់ ចន្លោះពី៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាមដើម្បីនាំចេញទៅលក់បន្តនៅប្រទេសវៀតណាម ដោយពុំបានខ្វាយខ្វល់អំពីផលប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលពួកគាត់ប្រកបរបរបែបលក្ខណៈគ្រួសារ (រាវក្រែងឈាម ដោយដៃ) ជារៀងរាល់ឆ្នាំបន្ទាប់ពីកូនក្រែងឈាមចាប់ផ្តើមករកើតកូនក្នុងតំបន់ពយកោះខ្យងនេះ ក្នុងកំឡុងចុងខែឧសភារហូតដើមខែសីហា ។
ប្រភពដដែលបានបន្តថា ទាក់ទិនទៅ និងសកម្មភាពល្មើសច្បាប់នេះ ប្រសិនបើមន្ត្រីជលផល កំពង់សោមនៅតែធ្វើមិនឃើញ មិនដឹង មិនឬ ទៀតនោះទេ ពិតណាស់ធនធានធម្មជាតិ នៅតំបន់ពយទឹករ៉ាក់កោះខ្យងនេះ និងវិនាសហិនហោចជាក់ជាពុំខានឡើយ ព្រោះកូនក្រែងដែលថៅកែធំមានឥទ្ឋិពលប្រចាំតំបន់កោះខ្យងប្រមូលទិញ គឺជាប្រភេទកូនក្រែងឈាមដែលច្បាប់ជលផលឃាត់នេសាទជាដាច់ខាត ព្រោះវាមានលក្ខណះតូចពេក គឺចាប់ពីប៉ុនជើងធូបរហូតដល់ប៉ុនចុងចង្កឹះ(មួយគីឡូក្រាម ចន្លោះពី៥០០០កូនទៅ១០០០០កូន) ឯកូនក្រែងឈាមធំជាងនេះ គឺមានតម្លៃថោក ឬ អាចមិនត្រូវបានទទួលទិញឡើយ ហេតុនេះតើមានសល់អ្វីទៀតបើអូសតាំងពីកូនទើបតែកើតបែបនេះ ។
ដូចនេះមានតែ ស្ថាប័នពាក់ព័ន្ឋ និងមន្ត្រីថ្នាក់លើ ជាពិសេសលោកអភិបាលខេត្តទេទើបអាចបញ្ឈប់សកម្មភាពល្មើសច្បាប់ យ៉ាងអនាធីបតេយ្យនេះបាន បើចាំមន្ត្រីថ្នាក់មូលដ្ឋាន និង មន្ត្រីថ្នាក់ស្រុកបែបសង្ឃឹមផ្កាយលើមេឃហើយមើលទៅ បើទូកល្មើសច្បាប់ចតពេញផែ ជាពិសេសក្រុមអូសកូនក្រែងឈាម មករ៉ែងកូនក្រែងឈាមពេញផ្ទៃទឹកស្ទើគ្រប់នេសាទក្នុងតំបន់កោះខ្យង ប៉ុន្តៃបែរជាឆ្លើយថា ពុំបានដឹងទៅវិញ ហើយអ្វីដែលហួសនិយាយនោះ គឺប្រសិនបើទូកនេសាទណា ពុំព្រមលក់ឲ្យចែនី វិញ ទូកនោះច្បាស់ជាត្រូវមន្ត្រីជលផលចាំកសាងនីតិវិធីភ្លាម ដោយពុំមានការយោគយល់នោះទេ ចង់មានជីវភាពយ៉ាងណាក៏ដោយ ៕ ឆ្លាម សមុទ្រ