ខេត្តប៉ៃលិន៖ ចោរថ្លើមធំម្នាក់បានលួចម៉ូតូរួចជិះគេចខ្លួន តែរត់មិនរួចពីសមត្ថកិច្ចក្រុងប៉ៃលិននោះឡើយ ។
បើតាមប្រភពពីសមត្ថកិច្ចក្រុងបានឲ្យដឹងថា ករណីចោរលួចម៉ូតូនេះកើតឡើង កាលពីវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវ និង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ចោលួចម៉ូតូ០១គ្រឿងនេះ នៅចំណុចផ្លូវចូលផ្សារសាមគ្គី កែងបេនឡានចាស់ ស្ថិតក្នុង ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា ពេលមុនកើតហេតុគាត់បានជិះម៉ូតូមកពីកន្លែង រួចក៏ដាក់ម៉ូតូទៅមុខផ្ទះ មិនបានចាក់សោ ក ហើយដកសោយកមកដាក់ក្នុងថតក្បាលម៉ូតូបន្ទាប់មកដើរចូលផ្ទះ មួយសន្ទុះចេញមកមិនឃើញម៉ូតូធ្វើឲ្យភ្ញាក់ផ្អើល រួចក៏ទូរស័ព្ទ ទៅអធិការនគរបាលក្រុងប៉ៃលិន ។
ក្រោយពីទទួលបានការប្តឹងរាយការណ៍តាមរយៈទូរស័ព្ទ លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានចាត់តាំងឲ្យលោកអនុសេនីយ៍ឯក ជ ម៉ាញ អធិការរង និងលោកអនុសេនីយ៍ឯក គង់ សំណាង អធិការរង តាមដាន រហូតដល់ចំណុចស្ពានសន្តិភាព ស្ថិតនៅក្នុង ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ប្រទេះ ឃើញជនសង្ស័យ និងម៉ូតូបានតែម្តង រួចក៏ឃាត់ខ្លួនយកមកសាកសួរ ។
ជនសង្ស័យខាងលើមានឈ្មោះ ថុច ថន ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ចំណែកម្ចាស់ឈ្មោះនាក់ សាវី ភេទប្រុស អាយុ៤៧ ឆ្នាំមុខរបរលក់ដូររស់នៅ ភូមិ ឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ស្លាកលេខ ប៉ៃលិន 1B1333 ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស សារ៉េត