ខេត្តក្រចេះ៖ សត្វផ្សោតញីមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ អណ្តែតទឹក បង្កការភ្ញាក់ផ្អើលដល់អ្នក់ធ្វើដំណើរកំសាន្តតាមមាត់ទន្លេ និងអង្កការអភិរក្ស រួមទាំងរដ្ឋបាលជលផលកំពុងពិសោធន៍រកមូលហេតុ ។
ការប្រទះឃើញនេះ កើតឡើងនៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងទន្លេមេគង្គ ចំណុចផែក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
ប្រភពបានឲ្យដឹងថា សត្វផ្សោតញីមួយក្បាល ដែលជាសត្វកម្រ ត្រូវបានគេប្រទះឃើញងាប់នោះ មានទម្ងន់១៩១គីឡូក្រាម ប្រវែង២២៣សង្ទីម៉ែត្រ ដែលវារស់នៅតំបន់ អន្លង់កាំពី ខេត្តក្រចេះ ។
ប្រភពបន្តថា តាមការពិនិត្យរបស់ជំនាញថា នៅលើដងខ្លួនសត្វផ្សោតនោះ មិនមានស្លាកស្នាមអ្វីទេ ជំនាញសន្និដ្ឋានថា សត្វផ្សោតនេះ អាចងាប់ដោយសារវយ័ចាស់ ព្រោះទម្ងន់ដល់ទៅជិត២០០គីឡូក្រាម ហើយធ្មេញរបស់វា មានសភាពសឹករិចរឹលអស់ទៅហើយ ។
ក្រោយពីគេបានប្រទះឃើញ មន្រ្តីជំនាញ ក៏ចុះសហការជាមួយឆ្មាំទន្លេ ដើម្បីត្រួតពិនិត្យស្រាជ្រាវរកមូលហេតុបន្ថែម ដោយយកសំណាក ខ្លាញ់ ក្រពះផ្សោត ទៅពិនិត្យពិសោធន៍ ជាមួយអង្គការ ដាប់ប៊លយូ ដាប់ប៊លយូ អេហ្វ( WWF) និង ខណ្ឌ័រដ្ឋបាលជល់ផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត បន្តរកមូលហេតុនៃការងាប់របស់ផ្សោតនោះ ឲ្យច្បាស់លាស់ ៕ ជីវន្ត័