ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា ចាប់ពី ថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ អាកាសធាតុ និងមានការប្រែប្រួលទៅតាមតំបន់នីមួយៗ ។ ក្នុងនោះសម្រាប់រាជធានី ខេត្ត ដែលនៅតាមតំបន់វាលទំនាប តំបន់មាត់ សមុទ្រ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតមធ្យម ទៅបង្គួរ តែមានកន្លែងខ្លះ និងមានភ្លៀងធ្លាក់ច្រើន ។ រីឯបណ្ដា ខេត្តនៅតំបន់ខ្ពង់រាបខាងជើង និង ខ្ពង់រាបភាគឦសាន និងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើនឡើង ។ សីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះ៣៤ដល់៣៧អង្សាសេ ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា បាតុភូត El Nino នៅតែបន្តឥទ្ធិពលមកលើព្រះ រាជាណាចក្រកម្ពុជា ។ ទន្ទឹម និងនោះក្នុងរយៈ ពេលមួយសប្តាហ៍កន្លងមកនេះ ជ្រលងសម្ពាធទាប ខ្យល់មូសុងនិរតី ធ្វើឲ្យភ្លៀងបានធ្លាក់ និងបន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅ ច្រើនទៅតាមតំបន់ តែរាយប៉ាយមិនទាន់បានល្អ នៅឡើយ ។
ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតខាងលើនេះផងដែរដើម្បីជៀសវាងជាយថាហេតុ ៕