ខេត្តសៀមរាប ៖ លោកអធិការនគរបាល ស្រុកវ៉ារិន បានឲ្យដឹងថា មានករណីប្រើកាំភ្លើងកែឆ្នៃ (កាំភ្លើងឆ្នុក) ហើយហោះមកត្រូវបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ មិនមែនជាករណីគំនុំ ប៉ុនប៉ងមនុស្សឃាតទេ គឺការសន្និដ្ឋានថា ជន សង្ស័យដើរបាញ់សត្វចៃដន្យ បាញ់ខុសសត្វហើយគ្រាប់នេះ ហោះមកត្រូវជនរងគ្រោះតែម្តង (ដោយចៃដន្យ) ។
លោកអធិការបានលើកឡើងថា កាលពីរសៀល ថ្ងៃ៥ ខែឧសភា ២០១៩ វេលាម៉ោង១៤ និង៣០នាទី ជនរងគ្រោះមានគ្នា៥នាក់ (កូន៣នាក់) ជិះគោយន្តកន្រ្តៃទៅចម្ការរកដឹកទឹក តែអូរមិនសូវមានទឹក ក៏បិទទំនប់បាចត្រី ខណៈនោះ បុរសជា (ជនរងគ្រោះ)ដើរមកឈរលើទួល រំពេចនោះ ក៏ត្រូវគ្រាប់តែម្តង ហើយកូនៗ រត់ទៅមើលជុំវិញកន្លែងកើតហេតុ មិនឃើញមាននរណាម្នាក់នោះទេ ។
រហូតមកដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ដើម្បីរកមូលហេតុនៅឡើយ ។ សូមបញ្ជក់ផងដែរថា ហេតុការណ៍ខាងលើ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវ១គ្រាប់ នៅកណ្តាលព្រៃស្បូវខ្ពស់ៗ ពិបាកមើល (ស្មុគ្រស្មាញ) ភូមិគោកភ្នំ ឃុំវ៉ារិន នៃ ភូមិសាស្រ្ត ស្រុកវ៉ារិន ខេត្តសៀមរាប ។
សមត្ថកិច្ចសន្និដ្ឋានថា អាចជាអ្នកដើរបាញ់សត្វ ។ ជនរងគ្រោះមានឈ្មោះ គោ ប៉ាក់ ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅ ភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បាញ់ត្រូវត្រង់ក្រោមឆ្អឹងដងកំបិត នៃស្មាខាងឆ្វេង ។
បច្ចុប្បន្នសមត្ថកិច្ចបន្ដស្រាវជ្រាវរកជនបង្ក ដែលបង្កឲ្យមានស្នាមរបួសដល់អ្នកដទៃ ៕ ប៊ុនរិទ្ធី