ភ្នំពេញ៖ លោកតាម្នាក់ជិះម៉ូតូឌុបចៅ ប្រុស ស្រី ២នាក់ទៀត ទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួស ព្រោះឃើញចៅ នឹកឪពុកម្ដាយពួកគេពេក លុះត្រឡប់មកវិញ ត្រូវបានរថយន្តហ៊ីណូ ប៉ះម៉ូតូលោកតាពីក្រោយ បណ្តាលឲ្យដួលខ្ទាតទាំងចៅ និងតា២នាក់ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត និងចៅប្រុសតូចម្នាក់ទៀត ខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល ។
ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦ និង១៥នាទី ថ្ងៃអាទិត្យ ៩កើត ខែពិសាខឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវបំបែកជាបួន ច្រកចូលវិទ្យុ ABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១មានឈ្មោះហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំជ្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាជីតាបានស្លាប់ ), ទី២ឈ្មោះ រុំ ដាណេ ភេទស្រី អាយុ ៩ឆ្នាំ ស្នាក់នៅជាមួយគ្នា (ត្រូវជាចៅស្លាប់ ) ។ ចំណែកទី៣ ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ (ត្រូវជាចៅរងរបួសស្រាល) ។ ដោយឡែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុ ចៅទាំង២ដែលរស់នៅជាមួយលោកតានៅស្រុកស្អាង ខេត្តកណ្តាល បាននឹកដល់ឪពុកម្តាយរបស់ពួកគេដែលទើបតែទិញដីនៅសង្កាត់រលួស ខណ្ឌដង្កោ ធ្វើផ្ទះស្នាក់នៅ ទើបគាត់ជាលោកតាបានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1X-0846 ឌុបចៅប្រុសស្រីទាំង២នាក់ ចេញពីផ្ទះនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីនាំចៅទៅលេងឪពុកម្តាយរបស់ពួកគេនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ លុះដល់ពេលកើតហេតុគាត់ក៏បានជិះម៉ូតូឌុបចៅទាំង២នាក់ត្រឡប់ទៅផ្ទះវិញ តាមបណ្តោយផ្លូវ៥០ម៉ែត្រ ខណះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកប្រសព្វជា៤ លោកតាបានជិះម៉ូតូបត់ពីជើងមកកើតឆ្ពោះទៅផ្ទះវិញ ជិតនឹងផុតទៅហើយ ស្រាប់តែមានរថយន្តម៉ាកហ៊ីណូ ពណ៌លឿងលាយពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-4207 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត សង្ស័យក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានបុកប៉ះពីក្រោយម៉ូតូរបស់លោកតា បណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះជាលោកតានិងចៅស្រីម្នាក់ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុតទាំង២នាក់ ចំណែកចៅប្រុសម្នាក់ទៀតខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល ។
រីឯរថយន្តបង្កបានបើករត់ចម្ងាយជិត២ គីឡូម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ច ឃាត់បានទាំងរថយន្ត និងអ្នកបើកបរ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរ ៕ ភារ៉ា ដង្កោ