ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបម៉ាកហុីយ៉ាន់ដាយ H-1បើកបុកទ្រូងផ្លូវ បាក់អស់១ផ្ទាំង ឯរថយន្តខ្ទេចផ្នែកខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តទំនើបម៉ាកហុីយ៉ាន់ដាយ H-1 មួយគ្រឿង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១ផ្ទាំង ឯរថយន្តខ្ទេចផ្នែកខាងមុខជាខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ទុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ H-1 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ សៀមរាប 2C-0618 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់១ផ្ទាំង និងធ្វើឲ្យរថយន្តបង្កដាច់កាឡេកង់មុខ និងកាងផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យតៃកុង និងអ្នកណាម្នាក់រងរបួសនោះឡើយ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានរ៉ឺយ៉ែរថយន្តថយក្រោយមកចិញ្ចើមផ្លូវ ហើយគេចខ្លួនបាត់ ដោយមិនស្គាល់ថា ជាជនជាតិបរទេស ឬជាជនជាតិខ្មែរនោះទេ ។ រថយន្តបង្ក ត្រូវនគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ៕ ភារ៉ាដង្កោ


ចែករំលែក៖