ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវទឹកទន្លេហូរកួច បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលក្មេងស្រីរងគ្រោះ បានទៅងូតទឹកលេង ក្នុងទន្លេ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះស្លាប់ឈ្មោះ ង៉ែត ឡៃហេង ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ.សិស្ស មានទីលំនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបាននាំគ្នាទៅងូតទឹកលេងនៅឯទន្លេជាមួយក្មេងៗប្រុសស្រី៧នាក់ លុះពេលកំពុងងូតក្មេងស្រីរងគ្រោះបានឃើញបងស្រីជីដូនមួយរបស់ខ្លួនឈ្មោះ តេង សុខណាត លង់ទឹក ឃើញដូច្នោះក៏ទៅជួយ ស្រាប់តែលង់ខ្លួនឯងវិញ ភ្លាមនោះម្ដាយក្មេងស្រីរងគ្រោះមកទាន់ ឃើញដូច្នោះក៏ស្ទុះទៅជួយ តែដោយសារតែទឹកហូរខ្លាំងពេកម្ដាយក្មេងស្រីរងគ្រោះជួយពុំទាន់ បណ្ដាលឲ្យក្មេងស្រីរងគ្រោះលង់ស្លាប់ទៅ ក៏បង្កការផ្អើលឆោឡោរ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកអំបិលមកធ្វើការពិនិត្យ ។
ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ធ្វើការរាយការណ៍បន្តដល់នគរបាលផ្នែកកោសល្យវិច្ច័យស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,លោកមេភូមិ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ធ្វើការពិនិត្យសាកសពរួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពក្មេងស្រីរងគ្រោះត្រូវបានមសត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ