ខេត្តមណ្ឌលគិរី៖ ជនសង្សយ័ដែលជាខ្មាន់កាំភ្លើង បានធ្វើសកម្មភាពលួចបាញ់ប្រហារពីក្រោមផ្ទះ ទៅលើជនរងគ្រោះជនជាតិព្នងម្នាក់ចំនួនពីរគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ (ថ្ងៃចូល ឆ្នាំថ្មី) នៅភូមិឃ្មូមរយ៉ង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនោះ ត្រូវបានកម្លាំងនគរបាល ស្រុកកែវសីមា ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី ឃាត់ខ្លួនបានហើយ ។
សំណុំរឿងឃាតកម្មលើជនជាតិព្នងម្នាក់ ដែលខ្មាន់កាំភ្លើងបាញ់ប្រហារពីក្រោមផ្ទះ បណ្តាលឲ្យស្លាប់នោះ ត្រូវសមត្ថកិច្ច ស៊ើបអង្កេតបំបែកសំណុំរឿងរយៈពេលជិតមួយ ខែ នៅភូមិដាច់ស្រយាលមួយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណន ម៉ៅ ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិព្នងទីលំនៅ កន្លែងកើតហេតុ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ព្យុច ផុស ពិតប្រាកដមែន ។
ជនសង្ស័យថា មូលហេតុដែលឈានដល់សម្លាប់ជនរងគ្រោះនោះ គឺដោយសារតែខ្លួនមានគំនុំបីឆ្នាំមកហើយ ជាមួយគ្រួសាររងគ្រោះ ។
ជនសង្ស័យថា ដោយសារតែបញ្ហាទំនាស់ដីធ្លី និងចោទប្រកាន់ជនរងគ្រោះចេះអំពើអាបធ្មប់ធ្វើបាបខ្លួន ទើបឈានដល់ការបាញ់ប្រហារបែបនេះ ។
សមត្ថកិច្ចបានឲ្យជនសង្ស័យ ទៅធ្វើត្រាប់ឡើងវិញនោះ ក៏បានបកស្រាយលម្អិតអំពីគម្រោងផែនការ រៀបចំយ៉ាងល្អ ប្រាប់ដល់សមត្ថកិច្ចផងដែរ ។
សូមបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះព្យុច ផុស ភេទប្រុស ជនជាតិព្នង អាយុ៣៩ឆ្នាំ មានប្រពន្ធ និងកូនៗចំនួន៧នាក់ រស់នៅភូមិឃ្មូមរយ៉ង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវជនសង្ស័យបាញ់ប្រហារ ពីខាងក្រោមផ្ទះ ចំនួន២គ្រាប់ ធ្លាយពោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួននោះតែម្តង ។
មុនពេលមកើតហេតុ ជនរងគ្រោះបានឡើងទៅលើផ្ទះ និងដេកផ្កាប់មុខមើលទូរស័ព្ទជាមួយកូន ស្រាប់តែមានខ្មាន់កាំភ្លើងលបចូលមកក្រោមផ្ទះរួចបាញ់ប្រហារចំនួន២គ្រាប់ ធ្លាយពោះទៅខ្នង និងធ្លាយដំបូលផ្ទះសង្ក័សីស្លាប់ភ្លាមៗតែម្ដង ។
ឯជនសង្ស័យក្រោយពីសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានមកហើយនោះ ក៏ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតានីតិវិធី ៕ ជីវន្ត័