ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញ​ជាម​ន្ត្រី​យោធា ឈ្មោះ ជិន និ​ត ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ផ្សេងៗ​ទៀត​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ មានការ​រិះគន់​ចំៗ​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​នោះទេ​។ ជាក់ស្ដែង​មន្ត្រី​យោធា​ឈ្មោះ ជិន និ​ត នៅក្នុង​កងពលតូច​អន្តរាគមន៍​លេខ​១៤(​តំបន់​បាយ​ឃ្លះ​) នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ចូលទៅ​រាជធានី​ភ្នំពេញ ជា​រៀងរាល់​យប់​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។

​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ឈ្មោះ ជិន និ​ត នៅក្នុង​កងពលតូច​អន្តរាគមន៍​លេខ​១៤ ឈរជើង​នៅ​ចំណុច​ខាងលិច​ស្ពាន​ទ្វារ​ម្អម នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​ភ្នំក្រវាញ ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ម្នាក់​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មន្ត្រី​យោធា​ឈ្មោះ ជិន និ​ត ប្រើប្រាស់​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ម៉ាក​ហាយ​ឡេ​ន​ឌ័​រ និង​ម៉ាក​ឡិច​ស៊ី​ស ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ហើយ​ចេញដំណើរ​ពី​ស្រុក​ភ្នំក្រវាញ ទៅ​រាជធានី​ភ្នំពេញ ជា​រៀងរាល់​យប់​ដោ​យី​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​ដឹងថា ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​មន្ត្រី​យោធា​ឈ្មោះ ជិន និ​ត ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ភ្នំក្រវាញ ជាពិសេស​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ​។ ជាក់ស្ដែង​មន្ត្រី​យោធា​ឈ្មោះ ជិន និ​ត ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ហើយ​ឈ្មួញ​ជាច្រើន​នាក់​ទៀត​ដូចជា ឈ្មួញ​ឈ្មោះ ឌឿ​ម ឈ្មួញ​ឈ្មោះ ណុប ឌី ឈ្មួញ​ឈ្មោះ តាំង អៀង និង​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី ក៏​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ យ៉ាង​រលូន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទាល់តែសោះ​។ លើស​នេះ​ទៅទៀត​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រាលដាល​៕ ហេង សូរិយា


ចែករំលែក៖