ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ និងលោកជំទាវ រ៉ាឌីកា សាគីយ៉ា (Radhika Shakya) នៅក្នុងឱកាសដែល ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
ពិធីបដិសណ្ឋារកិច្ចផ្លូវការដែលបានធ្វើឡើងនៅវិមានរដ្ឋាភិបាលសន្តិភាពមុននេះបន្តិច គឺមានរួមទាំងពិធីត្រួតពលដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា នៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយរាក់ទាក់ និងកក់ក្តៅបំផុត។
ដំណើរទស្សនកិច្ចរបស់ ឯឧ នាយករដ្ឋមន្រ្តីនេប៉ាល់ K. P. Sharma Oli មកកាន់កម្ពុជានាពេលនេះ នឹងពង្រឹងនូវចំណងមិត្តភាពនៃប្រទេសទាំង២អោយកាន់តែរឹងមាំថែមទៀត រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរអោយកាន់តែស៊ីជម្រៅដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕